អ៊ីតាលី ជំរុញឱ្យ NATO សហការគ្នានៅតំបន់អាក់ទិក ខណៈភាពតានតឹងរឿងហ្គ្រីនឡែនកើនឡើង (Video inside)

16-01-2026 20:31

(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជា មេឡូនី នៅថ្ងៃសុក្រនេះបានជំរុញឱ្យអង្គការណាតូ (NATO) បង្កើត «វត្តមានដែលមានការសម្របសម្រួលគ្នា» នៅក្នុងតំបន់អាក់ទិក ដើម្បីទប់ស្កាត់ភាពតានតឹង និងឆ្លើយតបនឹងការជ្រៀតជ្រែកពីតួអង្គផ្សេងទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងលិខិតមួយ លោកស្រី មេឡូនី បានបញ្ជាក់ថា តំបន់អាក់ទិកកាន់តែមានសារៈសំខាន់ខ្លាំងឡើង ដោយសារការអភិវឌ្ឍផ្លូវសមុទ្រថ្មីៗ និងសម្បូរទៅដោយធនធានថាមពល និងរ៉ែ។ ការអំពាវនាវនេះធ្វើឡើងចំពេលមានភាពតានតឹង រវាងសម្ព័ន្ធមិត្តលោកខាងលិច ជុំវិញបំណងរបស់លោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន។

ឯកសារគោលនយោបាយរបស់អ៊ីតាលី បានព្រមានអំពីការពង្រឹងយោធារបស់រុស្ស៊ីនៅក្នុងតំបន់ និងការព្យាយាមរបស់ចិនក្នុងការបង្កើនតួនាទីរបស់ខ្លួនជា «រដ្ឋជិតតំបន់អាក់ទិក» តាមរយៈផ្លូវដឹកជញ្ជូន និងទំនាក់ទំនងជិតស្និទ្ធជាមួយមូស្គូ។

គួរបញ្ជាក់ថា អ៊ីតាលីជាប្រទេសសង្កេតការណ៍នៅក្នុងក្រុមប្រឹក្សាអាក់ទិកតាំងពីឆ្នាំ២០១៣។ រុស្ស៊ីបានបដិសេធថា ខ្លួនមិនបានគំរាមកំហែងហ្គ្រីនឡែនទេ ខណៈចិនបានជំរុញអាមេរិកកុំឱ្យយកប្រទេសដទៃធ្វើជាលេសដើម្បីបម្រើផលប្រយោជន៍ខ្លួនឯង៕