សាធារណរដ្ឋឆែក ត្រៀមផ្តល់យន្តហោះចម្បាំងឱ្យអ៊ុយក្រែន ដើម្បីបាញ់ទម្លាក់ដ្រូន (Video inside)
16-01-2026 21:42
(កៀវ)៖ ប្រធានាធិបតីឆែក លោក Petr Pavel បានប្រកាសនៅថ្ងៃសុក្រនេះថា សាធារណរដ្ឋឆែកគ្រោងនឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីជួយបាញ់ទម្លាក់ដ្រូនដែលវាយប្រហារចូលមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក ហ្សេលេនស្គី លោក Pavel បានបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋឆែកអាចផ្តល់យន្តហោះចម្បាំងធុនមធ្យមមួយចំនួនក្នុងរយៈពេលដ៏ខ្លី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូន»។ ទោះបីជាលោកមិនបានបញ្ជាក់ពីប្រភេទយន្តហោះក៏ដោយ ក៏កន្លងមកលោកធ្លាប់បានលើកឡើងពីលទ្ធភាពនៃការផ្ទេរយន្តហោះចម្បាំង L-159 ដែលផលិតដោយឆែក។ ទន្ទឹមគ្នានេះ លោកក៏បានបន្ថែមថា សាធារណរដ្ឋឆែកក៏អាចនឹងផ្គត់ផ្គង់ប្រព័ន្ធព្រមានទុកជាមុន ដូចជារ៉ាដាអកម្ម (passive radars) ផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់ឆែកក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Andrej Babis បានយល់ព្រមបន្តគំនិតផ្តួចផ្តើមផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ប៉ុន្តែបានសន្យាថានឹងមិនប្រើប្រាស់ថវិកាជាតិសម្រាប់ជំនួយនេះទេ៕




