វិមានក្រឹមឡាំង៖ លោក ពូទីន ដើរតួសម្របសម្រួលក្នុងវិបត្តិអ៊ីរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹង

16-01-2026 22:30

(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងបំពេញតួនាទីជាអ្នកសម្របសម្រួលនៅក្នុងស្ថានការណ៍អ៊ីរ៉ង់ ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក ពូទីន បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ពេហ្សិសគៀន (Masoud Pezeshkian)។

នៅក្នុងកិច្ចសន្ទនាជាមួយលោក នេតាន់យ៉ាហ៊ូ លោក ពូទីន បានបង្ហាញឆន្ទៈរបស់រុស្ស៊ីក្នុងការ «បន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងលើកកម្ពស់ការសន្ទនាប្រកបដោយភាពស្ថាបនា»។ ដោយឡែក ជាមួយលោក ពេហ្សិសគៀន មេដឹកនាំទាំងពីរបានឯកភាពគ្នាគាំទ្រការកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូតប៉ុណ្ណោះ។

គួរបញ្ជាក់ថា រុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារយោធាថ្មីៗលើអ៊ីរ៉ង់៕