បុត្រអតីតស្តេច Shah អ៊ីរ៉ង់ អំពាវនាវឱ្យអន្តរជាតិបង្កើនសម្ពាធដើម្បីផ្តួលរំលំការដឹកនាំបច្ចុប្បន្ន (Video inside)
16-01-2026 23:17
(វ៉ាស៊ីនតោន)៖ លោក រេហ្សា ប៉ាហ្លាវី (Reza Pahlavi) ដែលជាកូនប្រុសនិរទេសខ្លួនរបស់អតីតស្តេច ស្សា (Shah) នៃប្រទេសអ៊ីរ៉ង់ បានអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធា លើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដើម្បីជួយក្រុមអ្នកតវ៉ាក្នុងការផ្តួលរំលំរបបដឹកនាំសាសនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវ៉ាស៊ីនតោន លោក ប៉ាហ្លាវី បានអះអាងថា «ផ្នែកធំ» នៃកងទ័ព និងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានលួចខ្សឹបប្រាប់ពីភាពស្មោះត្រង់របស់ពួកគេចំពោះរូបលោក ហើយថាលោកមានតួនាទីពិសេសក្នុងការធានានូវការផ្លាស់ប្តូរដោយស្ថិរភាពសម្រាប់ប្រទេស។
លោក ប៉ាហ្លាវី វ័យ ៦៥ឆ្នាំ បានថ្លែងថា «ប្រជាជនអ៊ីរ៉ង់កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅនឹងកន្លែង។ ឥឡូវនេះដល់ពេលហើយសម្រាប់សហគមន៍អន្តរជាតិក្នុងការចូលរួមជាមួយពួកគេឱ្យបានពេញលេញ»។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមអន្តរាគមន៍យោធាដើម្បីគាំទ្រអ្នកតវ៉ា បានបង្ហាញការមន្ទិលសង្ស័យកាលពីដើមសប្តាហ៍នេះ អំពីសមត្ថភាពរបស់លោក ប៉ាហ្លាវី ក្នុងការកៀរគរការគាំទ្រជាក់ស្តែងនៅក្នុងប្រទេស៕





