មេទ័ពដាណឺម៉ាក ថាការផ្តោតសំខាន់គឺទៅលើរុស្ស៉ីមិនមែនអាមេរិកទេ ចំពោះមុខក្តីបារម្ភពីការគំរាមរបស់លោក ត្រាំ លើ Greenland (Video inside)
17-01-2026 12:04
(កូប៉ិនហាក)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់អាកទិករបស់ប្រទេសដាណឺម៉ាក លោកឧត្តមសេនីយ៍ Soren Andersen បាននិយាយថា ការផ្តោតសំខាន់នាពេលនេះ គឺទប់ទល់សកម្មភាពនានារបស់រុស្ស៉ី ដែលអាចកើតមានឡើង មិនមែនការពារប្រឆាំងការគំរាមកំហែងយោធារបស់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Andersen បាននិយាយថា ការផ្តោតសំខាន់របស់លោក មិនមែនទៅលើអាមេរិកទេ គឺមិនដូច្នោះទាល់តែសោះ ផ្ទុយទៅវិញ គឺទៅលើរុស្ស៉ី។ ទន្ទឹមគ្នា លោកបានច្រានចោល លទ្ធភាពនៃការផ្ទុះជម្លោះរវាងសម្ព័ន្ធមិត្តក្នុងអង្គការ NATO ដោយនិយាយថា សេណារីយ៉ូបែបនោះ គឺគ្រាន់តែជាសម្មតិកម្មមួយប៉ុណ្ណោះ។ លោក Andersen បានអះអាងថា លោកមើលមិនឃើញឡើយថា ប្រទេសមួយដែលជាសមាជិក NATO វាយប្រហារលើប្រទេសមួយទៀត ដែលជាសមាជិក NATO ដូចគ្នា។
ទោះជាបែបនេះក្តី ឆ្លើយតបក្តីបារម្ភអំពីអាមេរិក ក្រុមប្រទេសអឺរ៉ុប បានបញ្ជូនកងទ័ពមួយចំនួនតូចមកកាន់កោះ Greenland ក្នងសប្តាហ៍នេះ ដើម្បីត្រៀមរៀបចំ សម្រាប់ការធ្វើសមយុទ្ធយោធារបស់ NATO ហោថា Arctic Endurance។ បញ្ជាការដ្ឋានអាកទិករបស់ដាណឺម៉ាក បានឱ្យដឹងថា ខ្លួនក៏បានអញ្ជើញឱ្យសហរដ្ឋអាមេរិក មកចូលរួមសមយុទ្ធនេះផងដែរ ប៉ុន្តែមិនទាន់ច្បាស់ថា អាមេរិកនឹងចូលរួមឬអត់ទេ។ អំឡុងសមយុទ្ធស្រដៀងគ្នា កាលពីខែកញ្ញា ដាណឺម៉ាកមិនបានអញ្ជើញអាមេរិកឱ្យចូលរួមឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចម្តងហើយម្តងទៀតថា កោះ Greenland មានសារសំខាន់ជាខ្លាំង សម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិក ហើយលោកបដិសេធច្រានចោល ជម្រើសនៃការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងដែនកោះតំបន់អាកទិកមួយនេះ ដែលជាផ្នែកនៃប្រទេសដាណឺម៉ាក៕






