ថៃផ្អាកគម្រោងសាងសង់ធំៗ ក្រោយកើតមានឧបទ្ទវហេតុផ្ទួនៗ សម្លាប់មនុស្សសរុបរាប់សិបនាក់ (Video inside)

17-01-2026 13:41

(បាងកក)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា ក្រសួងដឹកជញ្ជូននៃប្រទេសថៃ បានចេញបញ្ជាឱ្យផ្អាកដំណើរការសាងសង់រយៈពេល១៥ថ្ងៃ សម្រាប់កិច្ចសន្យាចំនួន១៤ ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន Italian-Thai Development PCL ព្រមទាំងគម្រោងសំណង់ធំៗ​ដទៃទៀត ដែលស្ថិតក្រោមការមើលខុសត្រូវរបស់ក្រសួង ដើម្បីទុកពេលធ្វើការត្រួតពិនិត្យសុវត្ថិភាព ក្រោយមានឧបទ្ទវហេតុរលំម៉ាស៉ីនស្ទូច ២ករណីផ្ទួនៗគ្នា ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុងគម្រោងរបស់ក្រុមហ៊ុន Italian-Thai Development។

គួរបញ្ជាក់ថា ករណីរលំម៉ាស៉ីនស្ទូចសប្តាហ៍នេះ គឺជាករណីថ្មីចុងក្រោយបង្អស់ ក្នុងចំណោមឧបទ្ទវហេតុដ៏អាក្រក់ៗ កើតមានឡើងក្នុង​គម្រោងសាងសង់នៅប្រទេសថៃ ហើយមួយចំនួនគឺពាក់ព័ន្ធក្រុមហ៊ុន Italian-Thai Development រួមមានទាំងករណីស្រុត​អគារ ដែលកំពុងស្ថិតក្រោមការសាងសង់ នៅទីក្រុងបាងកក កាលពីឆ្នាំ២០២៥ ពេលមានគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ នៅឯ​ប្រទេសមីយ៉ាន់ម៉ា ហើយហេតុការណ៍នោះ បានសម្លាប់មនុស្សយ៉ាងហោច៨៩នាក់ និងនាំឱ្យមានការចោទប្រកាន់ពីបទធ្វេសប្រហែស ប្រឆាំងមនុស្ស២៣នាក់៕