លោក ត្រាំ គំរាមដំឡើងពន្ធលើប្រទេសដែលជំទាស់ផែនការចង់គ្រប់គ្រងកោះ Greenland (Video inside)
17-01-2026 15:31
(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា រូបលោកអាចដំឡើងពន្ធលើប្រទេសទាំងឡាយណា ដែលមិនគាំទ្រផែនការចង់គ្រប់គ្រងកោះ Greenland របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។
យ៉ាងណាមិញ ក្រុមសមាជិកសភាអាមេរិក មកពីបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ បានរួមគ្នាទៅធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅទីក្រុងកូប៉ិនហាក ដើម្បីផ្តល់ការគាំទ្រ ចំពោះដាណឺម៉ាក និង Greenland ហើយពួកគេបានអះអាងថា មហិច្ឆតារបស់លោក ត្រាំ គឺមិនត្រូវបានយល់ស្របដោយប្រជាជនអាមេរិកភាគច្រើនឡើយ។
ប្រតិភូសភាអាមេរិក បានលើកឡើងថា វាជារឿងសំខាន់ក្នុងការកសាងទំនាក់ទំនងឱ្យប្រសើរ រវាងសហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland ជាពិសេសនោះ គឺកោះ Greenland គួរតែត្រូវចាត់ទុកជាសម្ព័ន្ធមិត្ត មិនមែនជាឧបករណ៍មួយសម្រាប់ទាញយកប្រយោជន៍ នោះទេ។
គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើកើតមានឡើង ក្រោយជំនួបនៅសេតវិមាន កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលក្រុមអ្នកតំណាងរបស់ដាណឺម៉ាក បាននិយាយថា ទីក្រុងកូប៉ិកហាកនិងទីក្រុងវ៉ាស៉ីនតោន នៅមានការខ្វែងគំនិតគ្នាជាមូលដ្ឋាន ជុំវិញអនាគតរបស់ Greenland៕




