បទវិភាគ៖ ខ្សែបន្ទាត់ក្រហមសន្តិភាពមិនអនុញ្ញាតឱ្យរំលោភបំពានបានឡើយ វិធានការគ្រប់គ្រងរបស់ចិន គឺត្រឹមត្រូវនិងសមហេតុផល

17-01-2026 16:59

(ប៉េកាំង)៖ ចាប់តាំងពីប្រទេសចិនចាត់វិធានការបង្កើនការគ្រប់គ្រង ការនាំចេញទំនិញដែលអាចប្រើប្រាស់ ទាំងវិស័យស៊ីវិលនិងយោធា ចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់នៅពេលថ្មីៗកន្លងទៅនេះមក ភាគីជប៉ុនមិនត្រឹមតែមិនយកចិត្តទុកដាក់ ដល់ដើមចមនៃបញ្ហាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបានមួលបង្កាច់ភាគីចិនថា “បង្កការគំរាមកំហែងខាងសេដ្ឋកិច្ច” ហើយលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនក៏ទាមទារដោយគ្មានហេតុផល ឱ្យភាគីចិនលុបចោលវិធានការគ្រប់គ្រងការនាំចេញនេះដែរ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញយ៉ាងម៉ឺងម៉ាត់ នូវ “ការប្រឆាំងយ៉ាងដាច់អហង្កានិងមិនអាចទទួលយកបាន” កាលពីថ្ងៃទី១៥ ខែមករា។

បើចង់ស្វែងយល់ពីភាពត្រឹមត្រូវនិងភាពចាំបាច់នៃទង្វើរបស់ភាគីចិន ជាបឋមគួរមើលច្បាស់លើបញ្ហាចំនួនពីរ៖ ទីមួយ តើ“ទំនិញដែលអាចប្រើប្រាស់ ទាំងវិស័យស៊ីវិលនិងយោធា”ជាអ្វី? យោងតាមការកំណត់នៃ«លក្ខន្តិកៈគ្រប់គ្រងការនាំចេញទំនិញ ដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិល និងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន» ឱ្យដឹងថា គឺជាទំនិញដែលអាចប្រើប្រាស់ក្នុងវិស័យស៊ីវិល ហើយក៏អាចប្រើប្រាស់ក្នុងវិស័យយោធា ឬផ្តល់ជំនួយដល់ការលើកកម្ពស់ សមត្ថភាពយោធា ជាពិសេស គឺទំនិញ បច្ចេកទេសនិងសេវាកម្មដែលអាចប្រើប្រាស់ក្នុងការរចនា អភិវឌ្ឍ ផលិតឬប្រើប្រាស់អាវុធប្រល័យលោកទ្រង់ទ្រាយធំព្រមទាំងឧបករណ៍ដឹកជញ្ជូនអាវុធបែបនេះ ដែលបូករួមទាំងទិន្នន័យដូចជា ឯកសារបច្ចេកទេសពាក់ព័ន្ធជាដើម។

ទីពីរ ហេតុអ្វីបានជាចិននឹងចាត់វិធានការ ដើម្បីបង្កើនការគ្រប់គ្រងការនាំចេញទំនិញ ដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិល និងយោធា ចំពោះប្រទេសជប៉ុន? ដូចអ្នកផងបានជ្រាបស្រាប់ហើយថា ចាប់តាំងពីឡើងចូលកាន់មុខតំណែងមក រដ្ឋាភិបាលលោកស្រី Sanae Takaichi បានជ្រៀតជ្រែកយ៉ាងគឃ្លើនចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបញ្ចេញ ការគំរាមកំហែងដោយកម្លាំងបាយមកលើភាគីចិន។ ក្រៅពីនេះ ក៏បានជំរុញយ៉ាងសកម្មនូវការធ្វើវិសោធនកម្ម “ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” ឥស្សរជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី ក៏បានបញ្ចេញពាក្យសម្តីស្តីពី ការមានអាវុធនុយក្លេអ៊ែរជាសាធារណៈផងដែរ។ និន្នាការដ៏មានគ្រោះថ្នាក់មួយចំនួនទាំងនេះ បានលាតត្រដាងពីមហិច្ឆតារបស់ លោកស្រី Sanae Takaichi និងកម្លាំងស្តាំនិយមរបស់ជប៉ុន ដែលចង់បំបែកការជាប់ដៃជាប់ជើង ពីរដ្ឋធម្មនុញ្ញសន្តិភាព និងពន្លឿន “ការធ្វើយោធូបនីយកម្មម្តងទៀត”។

ចាប់ពីរដ្ឋាភិបាលលោកស្រី Sanae Takaichi ចូលកាន់តំណែងមក ជប៉ុនបានពន្លឿនការជំរុញ ការបង្កើនកងទ័ពនិងកម្លាំងយោធា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ ក្រោយពីសង្គ្រាមលោកលើកទីពីរនិងសន្តិសុខក្នុងតំបន់។
ជាដំបូងសូមមើលពីវិស័យថវិកាការពារជាតិ។ នៅឆ្នាំសារពើពន្ធ២០២៦ ថវិកាការពារជាតិរបស់ជប៉ុនបានកើនឡើងដល់ លើសពី៩ទ្រីលានប្រាក់យ៉េនជប៉ុន ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ និងសម្រេចបាននូវកំណើន ក្នុងរយៈពេល ១៤ឆ្នាំជាប់ៗគ្នា។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនមែនផ្តោតលើ ការការពារសន្តិសុខជប៉ុននោះទេ ប៉ុន្តែគឺផ្តោតសំខាន់លើអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ។

ជាកិច្ចបន្ទាប់សូមមើលពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ជប៉ុនមានផែនការធ្វើវិសោធនកម្ម “ឯកសារចំនួនបីស្តីពី ការការពារសន្តិសុខ” មុនចុងឆ្នាំ២០២៦ ទិសដៅជាស្នូលគឺ ឆ្លងតាមរយៈការបង្កើនកម្លាំងយោធា នាំឱ្យជប៉ុនមានអ្វីដែលហៅថា “សមត្ថភាពវាយតបត”។ ឆ្លងតាមរយៈការបង្កើន ថវិកាការពារជាតិជាច្រើន ដើម្បីផ្តល់ថវិកាគាំទ្រ ក្នុងការពង្រីកសព្វាវុធជាបន្តបន្ទាប់ ។ ឆ្លងតាមរយៈការបន្ធូរបន្ថយការដាក់កំហិតទៅលើការនាំចេញអាវុធ ប៉ុនប៉ងវាយលុកក្នុងទីផ្សារពាណិជ្ជកម្មសព្វាវុធអន្តរជាតិ ។ ហើយតាមរយៈការធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ដើម្បីលុបចោលការដាក់កំហិតលើ ការនាំចូលអាវុធនុយក្លេអ៊ែរ។

ក្រៅពីនេះ មហិច្ឆតាក្នុងការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ជប៉ុន បាននាំឱ្យសហគមន៍អន្តរជាតិមាន ការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយស្តាំនិយមរបស់ជប៉ុន បានជំរុញយ៉ាងសកម្ម នូវទស្សនទានសហប្រតិបត្តិការស្តីពី ការចែករំលែកអាវុធនុយក្លេអ៊ែរជាមួយប្រទេសដទៃ ដើម្បីធ្វើឱ្យខ្សែបន្ទាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនច្បាស់លាស់ថែមមួយកម្រិតទៀត ក៏ដូចជាជំរុញឱ្យតំបន់នេះដើរខិតទៅជិត មាត់ជ្រោះនៃហានិភ័យនុយក្លេអ៊ែរ។

មនុស្សជាតិគួរក្រេបយកមេរៀនប្រវត្តិសាស្ត្រ នៃសង្គ្រាមលោកលើកទីពីរ ហើយមិនត្រូវជាន់ដានកំហុសម្តងទៀតទេ ។ មានតែសាមគ្គីគ្នាជាធ្លុងមួយ បង្កើតទៅជាកម្លាំងរួម សហគមន៍អន្តរជាតិទើបអាចបង្កើតខឿនការពារដ៏រឹងមាំ សម្រាប់ទប់ស្កាត់ការរស់ឡើងវិញ នៃយោធានិយមរបស់ជប៉ុន ក៏ដូចជាការពារសន្តិភាពយូរអង្វែងនិងសន្តិសុខជាទូទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន