រដ្ឋធានីកៀវ របស់អ៊ុយក្រែន​ ប្រឈមមុខនឹងកង្វះខាតអគ្គិសនីប្រេីប្រាស់​ ចំពេលអាកាសធាតុចុះត្រជាក់ខ្លាំង (Video inside)

17-01-2026 06:09

(កៀវ)៖ អភិបាលក្រុង លោក Vitali Klitschko បានប្រាប់ Reuters កាលពីថ្ងៃសុក្រសប្តាហ៍ ទី១៦ ខែមករាថា រដ្ឋធានីកៀវ របស់អ៊ុយក្រែន មានអគ្គិសនីសម្រាប់ផ្គត់ផ្គង់ត្រឹមតែពាក់កណ្តាលនៃតម្រូវការប៉ុណ្ណោះ បន្ទាប់ពីរលកនៃការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធនានា។

លោក Klitschko និយាយថា កៀវដែលជាទីក្រុងធំជាងគេមួយនៅអឺរ៉ុបខាងកើត ត្រូវការថាមពលអគ្គិសនី ១ ៧០០មេហ្គាវ៉ាត់ ដើម្បីផ្តល់ថាមពលដល់ប្រជាជនចំនួន ៣.៦លាននាក់។ លោក Klitschko បាននិយាយទៀតថា វិបត្តិថាមពលបច្ចុប្បន្នគឺលំបាកបំផុតមុនធ្លាប់មានក្នុងរយៈពេលជិត ៤ឆ្នាំ​ គិតចាប់តាំងពីរុស្ស៉ីបេីកការឈ្លានពាន។ អ្នកនៅទីក្រុងកៀវខ្លះ គ្មានអគ្គសនីប្រេីប្រាស់ពី ១៨ម៉ោងទៅ ២០ម៉ោងឯនោះក្នុងមួយថ្ងៃ។

អ៊ុយក្រែន បានប្រកាសអាសន្នផ្នែកថាមពល ក្នុងសប្តាហ៍នេះ ស្របពេលបណ្តាញថាមពលដួលរលំដោយសារសង្គ្រាម និងការកំណត់គោលដៅថ្មីៗដោយគ្រាប់បែករុស្ស៉ី។ អាកាសធាតុត្រជាក់ខ្លាំង ជាមួយភ្លៀងធ្លាក់ទឹកកក និងព្រិលធ្វើឱ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ។ សីតុណ្ហភាពអប្បបរមានៅពេលយប់បានធ្លាក់ចុះដល់ប្រហែល -១៧អង្សាសេ ក្នុងទីក្រុងកៀវ ក្នុងសប្តាហ៍នេះ។

តាម Klitschko ដៃគូអន្តរជាតិរបស់អ៊ុយក្រែនកំពុងប្រញាប់ប្រញាល់បំពាក់ម៉ាស៊ីនភ្លើងបន្ថែម ហើយក្រុមជួសជុលបានធ្វើការពេញម៉ោងដើម្បីស្តារកំដៅឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៉ីកាលពីសប្តាហ៍មុន ដែលបានផ្តាច់ការផ្គត់ផ្គង់ដល់អគារផ្ទះល្វែងចំនួន ៦ ០០០៕