ប្រឈមមុខនឹងភាពបែកបាក់ផ្ទៃក្នុង មេដឹកនាំបណ្តោះអាសន្នវ៉េណេស៊ុយអេឡា ព្យាយាមរកវិធីសាស្រ្តដេីម្បីពង្រឹងអំណាច (Video inside)

17-01-2026 08:04

(ការ៉ាកាស)៖ ក្នុងរយៈពេល ១២ថ្ងៃ គិតចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បាននិងកំពុងធ្វេីការដេីម្បីពង្រឹងអំណាចផ្ទាល់ខ្លួន តាមរយៈការលេីកមនុស្សដែលមានភក្តីភាពឱ្យកាន់មុខតំណែងសំខាន់​ ជាការពារខ្លួនពីការគំរាមកំហែងផ្ទៃក្នុង ខណៈដែលត្រូវបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញផលិតកម្មប្រេង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ ២០២៦។

លោកស្រី Rodriguez អាយុ ៥៦ឆ្នាំ គឺជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែមានភាពម៉ត់ចត់ខ្លាំង។ ពីមុនលោកស្រីគឺជាអនុប្រធានាធិបតី ជារដ្ឋមន្ត្រីប្រេង ជាសាស្រ្តាចារ្យផ្នែកនៃធនាគារកណ្តាល ជាប្រធានក្រុមជំនួយការរបស់ លោក ម៉ាឌូរ៉ូ និងជាប្រធានទីភ្នាក់ងារប្រឆាំងការស៊ើបការណ៍សម្ងាត់យោធា DGCIM ផងដែរ។ ឥឡូវ លោកឧត្តមសេនីយ Gustavo Gonzalez អាយុ ៦៥ឆ្នាំ​ នឹងមកដឹកនាំ DGCIM ហេីយប្រភពដែលដឹងពីការផ្លាស់ប្តូរបានពិពណ៌នាថាវាជាហ្គេមដំបូងរបស់លោកស្រី Rodriguez ដើម្បីប្រឆាំងទៅនឹងអ្វីដែលមនុស្សគ្រប់គ្នានៅវ៉េណេស៊ុយអេឡា គិតថាជាការគំរាមកំហែងធំចំពោះការដឹកនាំរបស់លោកស្រី។

លោក Gonzalez មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយរដ្ឋមន្រ្តីមហាផ្ទៃដែលមានជំហររឹងរូស លោក Diosdado Cabello ទីភ្នាក់ងារសន្តិសុខជាតិ និងក្រុមជនអន្ធពាលដែលធ្លាប់សម្លាប់ក្រុមអ្នកតវ៉ាប្រឆាំង។ តាមសេចក្តីរាយការណ៍របស់ Reuters មន្ត្រីនៃរដ្ឋបាល លោក ត្រាំ បានពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា ច្រើនខែមុនពេលកងកម្លាំងអាមេរិកធ្វេីប្រតិបត្តិការចាប់ លោក ម៉ាឌូរ៉ូ ដល់ក្នុងរដ្ឋធានីការ៉ាកាស។

កិច្ចសម្ភាសន៍ជាមួយប្រភពចំនួន ៧នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលមានអ្នកការទូត អ្នកជំនួញ និងអ្នកនយោបាយ បានបង្ហាញថាមានការរៀបចំខុសក្នុងជួរមន្រ្តីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងបង្កហានិភ័យចំពោះលោកស្រី Rodriguez ស្របពេលដែលលោកស្រីព្យាយាមពង្រឹងការគ្រប់គ្រងផ្ទៃក្នុង នៅពេលដែលរដ្ឋបាលលោក ត្រាំ ដាក់កំហិតលើការលក់ប្រេង។

ថ្លែងទៅកាន់សភាក្នុងសុន្ទរកថាប្រចាំឆ្នាំ នាសប្តាហ៍នេះ លោកស្រីបានអំពាវនាវឱ្យមានការឯកភាព សង្កត់ធ្ងន់លើភាពស្មោះត្រង់របស់លោកស្រីក្នុងនាមជាអនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ និងបានប្តេជ្ញាបង្កើតជំពូកថ្មីមួយនៅក្នុងនយោបាយវ៉េណេស៊ុយអេឡា ជាមួយនិងការបង្កើនការវិនិយោគប្រេង៕