យន្តហោះស៉េីបការណ៍របស់ឥណ្ឌូណេស៉ី ផ្ទុកមនុស្ស ១១នាក់បានបាត់ដំណឹង ប្រតិបត្តិការតាមរកកំពុងធ្វេីឡេីង (Video inside)
16-01-2026 05:11
(ហ្សាការតា)៖ នាថ្ងៃសៅរ៍ ទី១៧ ខែមករា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៉ី កំពុងស្វែងរកយន្តហោះស៉េីបការណ៍ជលផល ធុន ATR 42-500 ដែលបានបាត់ខ្លួនទៅជាមួយមនុស្ស ១១នាក់នៅលើនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ លោក Andi Sultan ប្រាប់ Reuters ថាយន្តហោះរបស់ក្រុមហ៊ុន The Indonesia Air Transport បានបាត់ការទាក់ទងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស វេលាម៉ោងប្រហែល ១រសៀល នៅជុំវិញតំបន់ Maros ក្នុងខេត្ត South Sulawesi។
លោក Sultan បន្ថែមថា យន្តហោះនេះធ្វើដំណើរពីខេត្ត Yogyakarta ឆ្ពោះទៅកាន់ទីក្រុង Makassar នៃខេត្ត South Sulawesi ដោយមានពីឡុត ៨នាក់ និងអ្នកដំណើរ ៣នាក់។ បុគ្គលិកប្រហែល ៤០០នាក់ មានទាំងយោធា និងប៉ូលិស ត្រូវបានដាក់ពង្រាយដើម្បីស្វែងរក ទោះបីជាកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ក៏ដោយ។
មន្រ្តីក្រសួងកិច្ចការសមុទ្រ និងជលផលប្រទេសឥណ្ឌូណេស៉ី លោក Pung Nugroho Saksono បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋថា យន្តហោះនេះត្រូវបានជួលដោយក្រសួង។ តាមរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងជលផល លោក Sakti Wahyu Tenggono អ្នកដំណើរទាំង ៣នាក់គឺជាបុគ្គលិករបស់ក្រសួង ដែលធ្វើការឃ្លាំមើលតាមផ្លូវអាកាសលើវិស័យជលផល។
ទិន្នន័យពីគេហទំព័រតាមដានការហោះហេីរ Flightradar24 បង្ហាញឱ្យឃេីញយន្តហោះមួយគ្រឿង មានភិនភាគដូចយន្តហោះដែលបានរៀបរាប់ បានហោះឆ្ពោះទៅទិសខាងកើតលើសមុទ្រ Java ក្នុងរយៈកម្ពស់ ១០ ០០០ហ្វីត មុនពេលបាត់បង់ការគ្រប់គ្រង និងបាត់ពីប្រព័ន្ធតាមដាន៕




