យោធាអាមេរិក សម្លាប់មេដឹកនាំសាខាក្រុមអាល់កៃដាជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែធ្នូ នៅស៊ីរី (Video inside)
17-01-2026 20:23
(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកងទ័ពអាមេរិកបានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៧ ខែមករា ថាកងកម្លាំងយោធាអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅនេះបានសម្លាប់មេដឹកនាំសាខា ក្រុមអាល់កៃដាម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុម ISIS លើកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរីកាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ថាមេដឹកនាំសាខាក្រុមអាល់កៃដាខាងលើមានឈ្មោះថា Bilal Hasan al-Jasim។ ជននេះមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងខ្មាន់កាំភ្លើង ISIS ម្នាក់ដែលបានសម្លាប់ និងធ្វើឱ្យកងអាមេរិក រួមទាំងកងទ័ពស៊ីរីជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងទីក្រុង Palmyra ប្រទេសស៊ីរី។
ឧត្តមនាវីលោក Brad Cooper ជាប្រមុខទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ខាងលើដូច្នេះថា «ការស្លាប់របស់ភេរវករម្នាក់ដែល មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ទាហានអាមេរិក៣នាក់ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការតាមប្រមាញ់ពួកភេរវករដែលវាយប្រហារលើកងកម្លាំងរបស់យើង»។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូមក កងកម្លាំងអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងរបស់ក្រុម ISIS ច្រើនជាង ១០០កន្លែង នៅក្នុងប្រទេសស៊ីរី៕







