លោក Macron៖ ការសម្លុតគំរាមពន្ធគយរបស់លោក ត្រាំ ពាក់ព័ន្ធនឹង Greenland ជារឿងមិនអាចទទួលយកបាន (Video inside)

17-01-2026 22:07

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ ទី១៧ ខែមករា បាននិយាយថាការគំរាមយកពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងបញ្ហាដែនដី Greenland គឺជារឿងមិនអាចទទួលយកបាន ហើយថាប្រសិនបើការគំរាមនេះក្លាយជាការពិត នោះអឺរ៉ុបនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងសមស្រប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Macron បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «គ្មានការសម្លុតគំរាម ឬការគំរាមកំហែងណាដែលអាចមានឥទ្ធិពលលើពួកយើង នោះទេ មិនថាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ឬ Greenland ឬបញ្ហានៅកន្លែងផ្សេងទៀតនៅលើពិភពលោកនោះឡើយ នៅពេលដែលយើងបានប្រឈមនឹងស្ថានការណ៍ បែបនេះ»។ លោកបន្តថា «ការសម្លុតគំរាមពន្ធគយជារឿងមិនអាចទទួលយកបាន ហើយមិនមានអ្វីអាចយកមកធ្វើជាលេសទេ។ អឺរ៉ុបនឹងធ្វើការឆ្លើយតប នៅក្រោមការរួបរួមគ្នា និងសម្របសម្រួល ប្រសិនបើការគំរាមទាំងនោះក្លាយជាការពិតមែននោះ»

គួរជម្រាបជូនថា កាលពីថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថារូបលោកអាចនឹងដំឡើងពន្ធគយលើ​ប្រទេសទាំងឡាយណាដែលមិនគាំទ្រ ឬប្រឆាំងនឹងផែនការចង់គ្រប់គ្រងកោះ Greenland របស់លោក។ ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិកត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកសម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធលើបណ្តាប្រទេសទាំងឡាយណាដែលហ៊ានជំទាស់នឹងគំនិតនេះ៕