Washington Post រាយការណ៍ថាមន្ទីរបញ្ចកោណបញ្ជាឱ្យទាហានអាមេរិក ១៥០០នាក់ ត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយ ទៅកាន់រដ្ឋ Minnesota (Video inside)

17-01-2026 23:55

(Reuters)៖ កាសែតអាមេរិក Washington Post នៅថ្ងៃអាទិត្យ ទី១៨ ខែមករា បានរាយការណ៍ថាមន្ទីរបញ្ចកោណបានចេញបញ្ជាឱ្យទាហាន១៥០០នាក់ ត្រៀមលក្ខណៈ សម្រាប់ការដាក់ពង្រាយទៅកាន់រដ្ឋ Minnesota ជាទីដែលបាតុកម្មកំពុងរីករាលដាលប្រឆាំងនឹងយុទ្ធនាការបណ្ដេញជនអន្តោប្រវេសន៍របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមកាសែត Washington Post ទាហានអាមេរិក ១៥០០នាក់ ត្រូវបានបង្គាប់ឱ្យត្រៀមលក្ខណៈសម្រាប់ការដាក់ពង្រាយ នៅក្នុងករណីអំពើហិង្សាបន្តផ្ទុះឡើងខ្លាំងនៅក្នុងរដ្ឋ Minnesota។ កាសែតអាមេរិកនេះដោយផ្អែកលើប្រភពពីមន្ត្រីនៃក្រសួងការពារជាតិអាមេរិកដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាវាមិនទាន់ច្បាស់ថាតើទាហានទាំងនោះនឹងត្រូវបានដាក់ពង្រាយ ឬក៏យ៉ាងណានោះទេ? ចំណែកខាងសេតវិមាន និងមន្ទីរបញ្ចកោណក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែលឆ្លើយតបទៅនឹង ការសាកសួរពី Reuters នោះដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានព្រមានថានឹងប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ ឬ Insurrection Act ដើម្បីអាចដាក់ពង្រាយ កងកម្លាំងយោធា ប្រសិនបើក្រុមមន្ត្រីនៅក្នុងរដ្ឋ Minnesota មិនអាចបញ្ឈប់ក្រុមបាតុករកុំឱ្យវាយប្រហារលើក្រុមមន្ត្រីអន្តោប្រវេសន៍បានទេនោះ។ ភាពតានតឹងនៅក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota បានផ្ទុះឡើងខ្លាំង បន្ទាប់ពីមន្ត្រីម្នាក់មកពីទីភ្នាក់ងារអនុវត្តច្បាប់អន្តប្រវេសន៍ និងគយអាមេរិក ICE បានបាញ់សម្លាប់ស្រ្តីម្នាក់ឈ្មោះ Renee Good កាលពីថ្ងៃទី៧ ខែមករា៕