នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ លោក ពូទីន នឹងសប្បាយចិត្តជាងគេនៅលើពិភពលោក បើសហរដ្ឋអាមេរិកឈ្លានពាន Greenland (Video inside)

18-01-2026 02:04

(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថាការឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកលើដែនដី Greenland នឹងធ្វើឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្លាយជាមនុស្សសប្បាយចិត្តជាងគេនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Pedro Sanchez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមករា។ តាមលោក Sanchez សកម្មភាពយោធាណាមួយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក ក៏នឹងបំផ្លាញ NATO ហើយក៏ដូចជាការទទួលស្គាល់ដោយប្រយោលថាការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនជារឿងស្របច្បាប់ផងដែរ។ «ប្រសិនបើយើងផ្ដោតលើ Greenland ខ្ញុំអាចនិយាយបានថាការឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកលើដែនដីនេះនឹងធ្វើឱ្យលោក វ្ល៉ាឌីមៀ ពូទីន ក្លាយជាមនុស្សសប្បាយចិត្តជាងគេនៅលើពិភពលោក។ តើមកពីហេតុអ្វី? ពីព្រោះវាអាចនឹងត្រូវបានលោកយកទៅបកស្រាយថាការឈ្លានពានរបស់លោកប្រឆាំងនឹង អ៊ុយក្រែនក៏ស្របច្បាប់ដូចគ្នាដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Sanchez ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី La Vanguardia។

គួរបញ្ជាក់ថា ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក Truth Social កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថានឹងយកពន្ធគយ ១០ភាគរយបន្ថែមលើទំនិញ នាំចូលមកពីដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងចក្រភពអង់គ្លេស។ ពន្ធគយនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។ ពន្ធគយនេះដែរ នឹងត្រូវដំំឡើងដល់ ២៥ភាគរយ នៅថ្ងៃទី១ ខែមិថុនា ហើយនឹងបន្តកើនឡើងរហូតទាល់តែកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់សម្រាប់សហរដ្ឋអាមេរិកទិញយកដែនដី Greenland៕