អឺរ៉ុបពិចារណាប្រើ «អាវុធសេដ្ឋកិច្ចពិសេស» តបតនឹងលោក ត្រាំ ជុំវិញរឿងហ្គ្រីនឡែន

18-01-2026 20:01

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប្រាស់វិធានការសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ហៅថា «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ» ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពន្ធគយ របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងជំរុញឱ្យប្រើប្រាស់ឧបករណ៍នេះ ដែលអាចដាក់កម្រិតក្រុមហ៊ុនអាមេរិកមិនឱ្យចូលរួមប្រកួតប្រជែងដេញថ្លៃ ដើម្បីទទួលបានគម្រោងវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងតំបន់អឺរ៉ុប ឬរឹតបន្តឹងពាណិជ្ជកម្មសេវាកម្ម។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជា មេឡូនី ដែលមានទំនាក់ទំនងល្អជាមួយលោក ត្រាំ បានហៅការគំរាមកំហែងរបស់អាមេរិកនេះថាជា «កំហុស» ខណៈអ្នកការទូតខ្លះបារម្ភថា ការតបតខ្លាំងពេកអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ៕