ហ្គ្រីនឡែនសាទរចំពោះជំហររឹងមាំរបស់អឺរ៉ុប ប្រឆាំងនឹងការគំរាមកំហែងរបស់លោក ត្រាំ

18-01-2026 20:24

(នូក)៖ ដែនដីហ្គ្រីនឡែន បានថ្លែងអំណរគុណដល់បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃអាទិត្យនេះ សម្រាប់ការរក្សាការគាំទ្រយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងពន្ធគយដាក់ទណ្ឌកម្មពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានបំណងចង់កាត់យកកោះអាក់ទិកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជម្លោះនេះបានកើនឡើងបន្ទាប់ពីបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានបញ្ជូនកងកម្លាំងយោធាទៅកាន់ហ្គ្រីនឡែនតាមសំណើរបស់ដាណឺម៉ាក ដែលធ្វើឱ្យលោក ត្រាំ គំរាមដំឡើងពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ៨ប្រទេស រហូតទាល់តែអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះនេះ។

រដ្ឋមន្ត្រីហ្គ្រីនឡែន លោកស្រី ណាជា ណាថានីលសិន (Naaja Nathanielsen) បានថ្លែងដូច្នេះថា «យើងកំពុងរស់នៅក្នុងគ្រាដ៏វិសេសវិសាល ដែលទាមទារមិនត្រឹមតែភាពថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារសេចក្តីក្លាហានដ៏អស្ចារ្យផងដែរ»។

ទន្ទឹមនឹងនេះ លោក គ្រីស្ទៀន ខេលសិន (Christian Keldsen) ប្រធានសមាគមធុរកិច្ចហ្គ្រីនឡែន បានវិភាគថា គោលដៅនៃពន្ធគយនេះមិនមែនសំដៅលើក្រុមហ៊ុនហ្គ្រីនឡែនទេ ប៉ុន្តែគឺដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡុកឃេ រ៉ាស្មូសេន (Lars Lokke Rasmussen) គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសន័រវែស អង់គ្លេស និងស៊ុយអែត ដើម្បីពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងតួនាទី និងវត្តមានរបស់ណាតូនៅតំបន់អាក់ទិក៕