មន្ត្រីអ៊ីរ៉ង់ទទួលស្គាល់ថា មនុស្ស ៥,០០០ នាក់ស្លាប់ក្នុងបាតុកម្ម ខណៈតុលាការព្រមានពីទោសប្រហារជីវិត (Video inside)

18-01-2026 13:51

(តេហេរ៉ង់)៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្តិសុខប្រហែល ៥០០នាក់ បានស្លាប់នៅក្នុងបាតុកម្មទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ស្ថាប័នតុលាការបានបង្ហើបថា ក្រុមបាតុករខ្លះអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត។

អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។

គួរបញ្ជាក់ថា បាតុកម្មដែលផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ គឺជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអន្តរាគមន៍ ហើយបានប្រាប់សារព័ត៌មាន Politico ថា «វាដល់ពេលដែលត្រូវស្វែងរកមេដឹកនាំថ្មីនៅអ៊ីរ៉ង់ហើយ»

មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី បានទទួលស្គាល់ថាមាន «មនុស្សស្លាប់រាប់ពាន់នាក់» ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំអំពើហិង្សានេះ។ ក្រុមសិទ្ធិមនុស្ស HRANA បានប៉ាន់ប្រមាណថាមានអ្នកស្លាប់ជាង ៣,៣០០នាក់ និងមានការចាប់ខ្លួនជាង ២៤,០០០នាក់៕