ប្រធានាធិបតីអ៉ីរ៉ង់៖ ការវាយប្រហារលើមេដឹកនាំកំពូលអ៉ីរ៉ង់ គឺស្មើនឹងការប្រកាសសង្រ្គាម (Video inside)
19-01-2026 01:38
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានព្រមានកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ថាការវាយប្រហារណាមួយលើមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការព្រមានរបស់លោក Pezeshkian ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវាដល់ពេលហើយដែលអ៉ីរ៉ង់ត្រូវមានមេដឹកនាំថ្មី។ ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X ដែលទំនងជាចង់ឆ្លើយតបទៅនឹងលោក ត្រាំ លោក Pezeshkian បានគូសបញ្ជាក់ថា «ការវាយប្រហារមួយលើមេដឹកនាំដ៏អស្ចារ្យនៃប្រទេសរបស់ យើង គឺស្មើនឹងការប្រកាសសង្រ្គាមទាំងស្រុងលើប្រជាជាតិអ៉ីរ៉ង់»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើបាតុករនៅតែបន្តត្រូវបានសម្លាប់នៅតាមដងផ្លូវ ឬក៏ត្រូវបានកាត់ទោសប្រហារជីវិត។ លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Politico កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បាននិយាយដែរថាវាដល់ពេលហើយដែលអ៉ីរ៉ង់ត្រូវមាន មេដឹកនាំថ្មី។
អ៉ីរ៉ង់កាលពីថ្ងៃអាទិត្យវិញ អ៉ីរ៉ង់បានឱ្យសញ្ញាថាខ្លួនអាចនឹងអនុវត្តការកាត់ទោសប្រហារជីវិតមនុស្សដែលត្រូវបានចាប់ឃុំខ្លួនអំឡុងបាតុកម្ម។ មន្ត្រីអ៉ីរ៉ង់ម្នាក់បានទទួលស្គាល់ថាមានមនុស្សយ៉ាងហោច ៥០០០នាក់ត្រូវបានសម្លាប់ ក្នុងនោះមាន៥០០នាក់ជាកងកម្លាំងសន្តិសុខ អំឡុងបាតុកម្មតវ៉ានៅទូទាំងប្រទេស៕







