គណបក្សកុម្មុយនិស្តវៀតណាម ចាប់ផ្ដើមសមាជដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន
19-01-2026 09:02
(ហាណូយ)៖ ក្រុមប្រតិភូមកពីគណបក្សកុម្មុយនិស្ដវៀតណាម នឹងត្រូវជួបជុំគ្នានៅថ្ងៃចន្ទ ទី១៩ ខែមករា នៅក្រោមការរឹតបន្តឹងសន្តិសុខដើម្បីចូលរួមក្នុងសមាជកមួយដែលនឹងធ្វើការជ្រើសរើស មេដឹកនាំរបស់បក្ស និងដាក់ចេញគោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹង និងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហើយក្រោយមកទៀត គណៈកម្មាធិការមជ្ឈិមនេះនឹងធ្វើការជ្រើសរើសសមាជិកការិយាល័យនយោបាយពី១៧ ដល់១៩រូប។
ក្រុមប្រតិភូទាំង ១៦០០នាក់គឺជាតំណាងសមាជិកគណបក្សកម្មុយនិស្ដ ៥.៦លាននាក់ នៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនជាង ១០០លាននាក់។
គួរបញ្ជាក់ថា មានការរំពឹងជាច្រើនថាលោក To Lam អាចនឹងត្រូវបានផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម ខណៈមានសេចក្ដីរាយការណ៍ថា លោកអាចនឹងទទួលបានតំណែងមួយទៀតគឺប្រធានាធិបតីវៀតណាមទៀតផង។ បន្ទាប់ពីសមាជបក្ស ការិយាល័យនយោបាយនឹងធ្វើការតែងតាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋសភា ហើយការបោះឆ្នោតសភានឹងត្រូវធ្វើឡើង បន្ទាប់ពីគណបក្សជ្រើសរើសមេដឹកនាំរួចរាល់៕







