លុយដុល្លារអាមេរិកធ្លាក់ថ្លៃ ខណៈវិនិយោគិនចង់បានស្ថិរភាពអាជីវកម្ម នៅពេលដែលលោក ត្រាំ ចេះតែគំរាមឡើងពន្ធ (Video inside)

19-01-2026 04:04

(Reuters)៖ តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ នាថ្ងៃចន្ទ ទី១៩ ខែមករា ខណៈការណ៍ដែលអ្នកវិនិយោគ មិនខ្វល់ខ្វាយនឹងការគំរាមកំហែងពន្ធគយថ្មីចុងក្រោយ​ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅលើប្រទេសអឺរ៉ុបដែលប្រឆាំងនឹងបំណងកាន់កាប់កោះ Greenland បានជួយធ្វើឱ្យតម្លៃលុយយ៉េនជប៉ុន និងលុយស្វីស ហ្វ្រង់ស្វីស មានស្ថិរភាព ឬអាចឡើងថ្លៃក៏ថាបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍ថា នឹងដាក់ពន្ធនាំចូលបន្ថែម ១០ភាគរយចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញយក Greenland។ រដ្ឋធំៗរបស់សហភាពអឺរ៉ុប ចាត់ទុកពន្ធគយនេះថាជាការគំរាមកំហែង ដោយបារាំង បានស្នើឱ្យមានការឆ្លើយតបជាមួយវិធានការតបតផ្នែកសេដ្ឋកិច្ច មិនធ្លាប់មានពីមុនមក។

នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ប្រតិកម្មភ្លាមនៃការជួញដូរ នោះគឺអត្រាប្តូរប្រាក់អឺរ៉ូ និងប្រាក់ស្តេលីងអង់គ្លេស (sterling)។ នៅអាស៉ីនាព្រលឹមថ្ងៃនេះ ១អឺរ៉ូ ប្តូរបានប្រហែល ១.១៦ដុល្លារអាមេរិក រីឯ ១ស្តេលីង ប្តូរបានប្រហែល ១.៣៣ដុល្លារអាមេរិក។ រូបិយប័ណ្ណទាំងពីរនេះ បានលោតឡើងពីកម្រិតទាប ហើយរូបិយប័ណ្ណដុល្លារអាមេរិក នៅតែស្ថិតក្រោមសម្ពាធអំឡុងពេលនៃការជួញដូរ ខណៈវិនិយោគិនវាយតម្លៃទៅលើផលប៉ះពាល់រយៈពេលវែង ជុំវិញចំណាត់ការរបស់លោក ត្រាំ និងគោលជំហរឆ្លើយតបរបស់អឺរ៉ុប។

ដោយឡែក បើប្រៀបធៀបនឹងលុយយ៉េនជប៉ុន លុយដុល្លារបានធ្លាក់ចុះ ០.២៤ភាគរយ ហើយបើប្រៀបធៀបនឹងលុយស្វីស ហ្រ្វង់ស្វីស លុយដុល្លារបានធ្លាក់ចុះ ០.៣៦ភាគរយ។

តាមប្រធានអ្នកស្រាវជ្រាវប្រចាំអាស៉ី មកពីក្រុមហ៊ុន ANZ លោក Khoon Goh «ជាធម្មតាយើងអាចគិតថា ពន្ធគយនឹងនាំឱ្យលុយអឺរ៉ូធ្លាក់ថ្លៃ ប៉ុន្តែដូចដែលយើងបានឃើញកាលពីឆ្នាំមុន នៅថ្ងៃដែលលោក ត្រាំ ប្រកាសដាក់យកពន្ធគយយ៉ាងទូលំទូលាយ ផលប៉ះពាល់នៅក្នុងទីផ្សារប្តូរប្រាក់បរទេស គឺលុយដុល្លារបែរជាធ្លាក់ថ្លៃ រាល់ពេលដែលមានភាពមិនប្រាកដប្រជា ទាក់ទងនឹងគោលនយោបាយតឹងតែងពីសំណាក់សហរដ្ឋអាមេរិកទៅវិញ៕