រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ថាព្រោះតែអឺរ៉ុបទន់ខ្សោយ ទើបអាមេរិកត្រូវគ្រប់គ្រង Greenland ចំពេលមានការមិនពេញចិត្តក្នុងចំណោមសមាជិកព្រឹទ្ធសភា (Video inside)
19-01-2026 04:56
(ញូវយ៉ក)៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ភាពទន់ខ្សោយរបស់អឺរ៉ុប ទាមទារឱ្យមានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើកោះ Greenland ដើម្បីស្ថិរភាពពិភពលោក បើទោះបីជាមានសមាជិកសភាមួយចំនួន មិនពេញចិត្តនឹងកិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាល ត្រាំ ដើម្បីយកបានទឹកដីក្នុងតំបន់អាកទិក ដែលកាន់កាប់ដោយប្រទេសដាណឺម៉ាកនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាអនុវត្តការយកពន្ធលើប្រទេសសហភាពអឺរ៉ុបណាមួយ ដែលប្រឆាំងនឹងការទិញយក Greenland រួមទាំងដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិកផងដែរ។
តំណាងរាស្រ្តប្រចាំរដ្ឋ Kentucky លោក Rand Paul មកពីគណបក្សសាធារណរដ្ឋ ដែលជាប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃព្រឹទ្ធសភាអាមេរិក បានលើកឡើងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនិយាយថាដោយខ្លួនឯងថា មិនទាន់បានពិភាក្សាជាមួយលោក ត្រាំ ទេ តែបានពិចារណារួចហើយ ជុំវិញជម្រើសប្រើអំណាចគ្រាអាសន្ន ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយក Greenland។ ប៉ុន្តែការធ្វើដូច្នេះ នឹងក្លាយជារឿងគួរឱ្យអស់សំណើច ពីព្រោះវាគ្មានភាពអាសន្ននៅ Greenland នោះឡើយ។
លោក Paul មិនមែនជាមនុស្សតែម្នាក់ ដែលមិនពេញចិត្តនឹងការសម្រេចចិត្ត ក្នុងបក្សរបស់ខ្លួននោះទេ ដោយតំណាងរាស្រ្តម្នាក់ទៀតនៃបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Ohio លោក Mike Turner បាននិយាយថា ពន្ធគយ អាចគំរាមកំហែងដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តណាតូ។ សមាជិកព្រឹទ្ធសភាផ្សេងទៀត រួមទាំងអ្នកប្រជាធិបតេយ្យ បានចង្អុលទៅធនធានធម្មជាតិរបស់ Greenland ថាជាការជំរុញទឹកចិត្តឱ្យអាមេរិកចង់កាន់កាប់កោះនេះ មិនមែនហេតុផលសន្តិសុខជាតិឡើយ៕






