ប្រទេសស៉ីលីប្រកាសអាសន្ន ក្រោយមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់ ផ្តាច់ជីវិតមនុស្ស១៨នាក់ និងបង្ខំឱ្យរាប់ម៉ឺននាក់ជម្លៀសខ្លួន (Video inside)
19-01-2026 06:09
(សាន់ត្យាហ្គោ)៖ នាថ្ងៃអាទិត្យ ទី១៨ ខែមករា ប្រធានាធិបតីនៃប្រទេសស៉ីលី លោក Gabriel Boric បានប្រកាសដាក់តំបន់ចំនួន២ នៅភាគខាងត្បូង ក្រោមភាពអាសន្ននៃគ្រោះមហន្តរាយ ស្របពេលដែលភ្លើងឆេះព្រៃដ៏អាក្រក់ បានបង្ខំឱ្យមនុស្សយ៉ាងហោច ២០ ០០០នាក់ ត្រូវជម្លៀសខ្លួន ហើយយ៉ាងហោច១៨នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងាររុក្ខាប្រមាញ់របស់ស៉ីលី បានឱ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃ សរុប២៤កន្លែង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យ ក្នុងនោះភ្លើងឆេះព្រៃធំជាងគេ គឺនៅតំបន់ Nuble និង Bío Bío ជាទីដែលរដ្ឋាភិបាលសម្រេចចិត្តដាក់ក្រោមភាពអាសន្ន។ តំបន់ពីរស្ថិតនៅចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ ពីភាគខាងត្បូងរដ្ឋធានីសាន់ត្យាហ្គោ។
ភ្លើងបានឆាបឆេះផ្ទៃដីសរុបជិត ៨ ៥០០ហិកតា នៅតំបន់ទាំងនេះ ដែលបង្កការគំរាមកំហែងចំពោះសហគមន៍នានានៅក្នុងតំបន់ ជាហេតុជំរុញឱ្យអាជ្ញាធរប្រកាសជម្លៀសមនុស្ស។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយស៉ីលី បាននិយាយថា មនុស្សជិត២០ ០០០នាក់ ត្រូវបានជម្លៀសខ្លួន ហើយលំនៅដ្ឋានយ៉ាងហោច ២៥០ខ្នង បានរងការបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា តាមអាជ្ញាធរស៉ីលី លក្ខខណ្ឌអាកាសធាតុមិនល្អ ដូចជាខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ បានជួយឱ្យភ្លើងឆេះព្រៃរីករាលដាល ហើយបង្កភាពស្មុគស្មាញ ចំពោះសមត្ថភាពក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការគ្រប់គ្រងភ្លើងទាំងនោះ។ ទាំងស៉ីលីនិងអាហ្សង់ទីន បានទទួលរងការកើនឡើងសីតុណ្ហភាពខ្ពស់ និងរលកកម្តៅខ្លាំង ចាប់តាំងពីដើមឆ្នាំ ដោយភ្លើងឆេះព្រៃ ក៏បានវាយប្រហារតំបន់ Patagonia របស់អាហ្សង់ទីនផងដែរ នាពេលថ្មីៗកន្លងទៅនេះ៕







