ចំនួនប្រជាជននៅប្រទេសចិន បន្តថយចុះ៤ឆ្នាំជាប់ៗគ្នា មកនៅ១.៤០៥ពាន់លាននាក់ (Video inside)
19-01-2026 06:44
(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី១៩ ខែមករា ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសចិន បានបន្តធ្លាក់ចុះសម្រាប់រយៈពេល៤ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០២៥ ដោយបានថយក្នុងចំនួន៣.៣៩លាននាក់ ពោលគឺសរុបមកនៅ១.៤០៥ពាន់លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទិន្នន័យពីការិយាល័យជាតិស្ថិតិរបស់ចិន ក៏បានបង្ហាញឱ្យឃើញដែរថា ចំនួនសរុបនៃអត្រាកំណើតនៅក្នុងប្រទេសចិន កាលពីឆ្នាំមុន បានថយមកនៅ៨.៩២លាននាក់ ដែលជាអត្រាដ៏ទាបបំផុតក្នុងកំណត់ត្រា ធៀបជាមួយចំនួន៩.៥៤លាននាក់ កាលពីឆ្នាំ២០២៤។ ចំណែក អត្រាអ្នកស្លាប់វិញបានកើនដល់១១.៣១លាននាក់ នៅឆ្នាំ២០២៥ ធៀបនឹង១០.៩៣លាននាក់ ក្នុងឆ្នាំ២០២៤។
ចំនួនប្រជាជនរបស់ចិន បានបន្តរួមចុះចាប់តាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយមានមនុស្សវ័យចំណាស់កាន់តែច្រើនយ៉ាងឆាប់រហ័ស។ បញ្ហានេះបានបង្កភាពស្មុគស្មាញ ចំពោះផែនការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការជំរុញសកម្មភាពចំណាយរបស់ប្រជាជននៅក្នុងស្រុក និងកាត់បន្ថយបំណុល។
គួរបញ្ជាក់ថា ចំនួននៃការរៀបអាពាហ៍ពិពាហ៍នៅចិន បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ២០ភាគរយ កាលពីក្នុងឆ្នាំ២០២៤ ដែលជាទំហំដ៏ធំបំផុតក្នុងកំណត់ត្រា ដោយមានមនុស្សជាង៦.១លានគូ បានចុះឈ្មោះរៀបការ។ វាជាការថយចុះពីចំនួន៧.៦៨លានគូ កាលពីឆ្នាំ២០២៣។ ការរៀបអាពាហ៍ពិពាហ៍ ជាទូទៅគឺជាសូចនាករនាំមុខគេ សម្រាប់អត្រាកំណើតនៅប្រទេសចិន៕







