EU ពិចារណាដាក់ពន្ធសងសឹក ១០៨ពាន់លានដុល្លារប្រឆាំងអាមេរិក ជុំវិញការគំរាមរបស់លោក ត្រាំ ពាក់ព័ន្ធ Greenland (Video inside)

19-01-2026 00:31

(ព្រុចសែល)៖ នាថ្ងៃអាទិត្យ ទី១៨ ខែមករា សារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមប្រទេសសហភាពអឺរ៉ុប អាចនឹងចាត់វិធានការសងសឹកវិញលើសហរដ្ឋអាមេរិក ក្នុងទម្រង់ជាការដំឡើងពន្ធគិតជាទឹកប្រាក់រហូតដល់៩៣ពាន់លានអឺរ៉ូ ស្មើនឹង ១០៧.៧១ពាន់លានដុល្លារ ឬរឹតត្បិតក្រុមហ៊ុនអាមេរិកពីទីផ្សាររបស់អឺរ៉ុប ដើម្បីឆ្លើយតបការគំរាមកំហែង របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះបណ្តាសម្ព័ន្ធមិត្តអង្គការ NATO ដែលជំទាស់មហិច្ឆតារបស់លោក ក្នុងការគ្រប់គ្រងកោះ Greenland។

កាសែតអង់គ្លេស Financial Times បានអះអាងថា ចំណាត់ការសងសឹកខាងលើ កំពុងត្រូវបានព្រាងឡើងដើម្បីផ្តល់ឧត្តមភាពដល់​ក្រុមមេដឹកនាំអឺរ៉ុប មុនកិច្ចប្រជុំសំខាន់ជាមួយលោក ត្រាំ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងក្នុងទីក្រុង Davos នៃប្រទេសស្វីស នាសប្តាហ៍នេះ។ Financial Times បានរាយការណ៍យ៉ាងដូច្នេះ ដោយផ្អែកលើប្រភពពីក្រុមមន្រ្តី ដែលពាក់ព័ន្ធក្នុងការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំនៅស្វីស។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ត្រាំ បានប្តេជ្ញាថា នឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន៨ រួមមានទាំង​បារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញកោះ Greenland ដែលជាដែនដីស្វយ័ត​របស់ប្រទេសដាណឺម៉ាក បន្ទាប់ពីប្រទេសទាំងនោះ បានប្រកាសជំទាស់ផែនការរបស់លោក៕