សេដ្ឋកិច្ចចិន មានកំណើន៥ភាគរយ ក្នុងឆ្នាំ ២០២៥ (Video inside)

18-01-2026 18:42

(ប៉េកាំង)៖ ទិន្ន័យផ្លូវការបានឱ្យដឹងថា សេដ្ឋកិច្ចចិនមានការកើនឡើងកាលពីឆ្នាំ ២០២៥ ប៉ុន្តែក្នុងអត្រាទាបបំផុតមួយនៃរយៈពេល ១ទសវត្សរ៍ ខណៈដែលរដ្ឋាភិបាល ហាក់ពិបាកក្នុងការជម្នះបញ្ហាជុំវិញការចំណាយទាប និងវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ ២០២៦។

ទោះជាកំណើននៅអត្រា ៥ភាគរយ ស្របតាមគោលដៅប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំង អ្នកវិភាគនិយាយថា តួលេខនេះ គឺគ្រាន់តែជាការលួងចិត្ត ហើយអ្នកសង្កេតការណ៍ព្រមានថា វាត្រូវបានជំរុញភាគច្រើនដោយការនាំចេញ និងដើម្បីបិទបាំងបញ្ហាជាក់ស្តែងប៉ុណ្ណោះ។

ផលិតផលក្នុងស្រុកសរុប GDP ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ បានធ្លាក់ចុះ ដោយសារតម្រូវការក្នុងស្រុកទាប ផលប៉ះពាល់ចេញពីភាពតានតឹងពាណិជ្ជកម្ម និងអតុល្យភាពរចនាសម្ព័ន្ធដែលនាំហានិភ័យធំដល់ទស្សនវិស័យជារួម។ មន្ត្រីការិយាល័យស្ថិតិជាតិ (NBS) លោក Kang Yi និយាយថា «ផលប៉ះពាល់ពីការផ្លាស់ប្តូរបរិយាកាសខាងក្រៅ ធ្វើឱ្យកាន់តែពិបាក»

គួរបញ្ជាក់ថា ឧស្សាហកម្មផលិតកម្មដ៏ខ្លាំងក្លារបស់ចិន បានដើរតួនាជាក្បាលម៉ាស៉ីន ដែលជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ​កាលពី​សប្តាហ៍​មុន ចិន​បាន​រាយការណ៍​ពី​អតិរេក​ពាណិជ្ជកម្ម​រហូតដល់ជិត​ ១.២​ពាន់​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២៥ ដោយសារតែ កំណើននៃការនាំចេញទៅកាន់ទីផ្សារ មិនមែនសហរដ្ឋអាមេរិក ខណៈដែលអ្នកផលិត ព្យាយាមធ្វើពិពិធកម្មប្រភព ដើម្បីទូទាត់នឹងសម្ពាធពន្ធគយរបស់ទីក្រុងវ៉ាស៉ីនតោន៕