អ៊ុយក្រែនថារុស្ស៉ី ដាក់គោលដៅផលិតដ្រូនឱ្យបាន ១០០០គ្រឿងក្នុងមួយថ្ងៃ (Video inside)
19-01-2026 02:07
(កៀវ)៖ មេបញ្ជាការកំពូលយោធាអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៉ីកំពុងបង្ហាញសញ្ញាគ្មានចំណាប់អារម្មណ៍លើការចរចា ដែលនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាព ហើយជំនួសមកវិញគឺបានបង្កើនការផលិតយន្តហោះដ្រូន ដោយដាក់គោលដៅផលិត ១ ០០០គ្រឿងក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Oleksandr Syrskyi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងឃើញមានការកើនឡើងនូវសកម្មភាពយោធា ការកើនឡើងនូវចំនួនក្រុមសត្រូវវាយប្រហារ ការកើនឡើងនូវការផលិតអាវុធ មីស៉ីល និងដ្រូន»។ លោកបន្ថែមថា «ពេលនេះ សត្រូវ (រុស្ស៉ី) ផលិតដ្រូន 404 Shaheds ជាប្រចាំ ក្នុងប្រភេទផ្សេងៗគ្នា។ ហើយផែនការគឺបង្កើនចំនួន ដល់ទៅ ១ ០០០ដ្រូនក្នុងមួយថ្ងៃ»។
គួរបញ្ជាក់ថា Shaheds ជាដ្រូនដែលរចនាឡើងដោយអ៉ីរ៉ង់។ ទីក្រុងកៀវ អះអាងថា រុស្ស៉ីប្រើប្រាស់ដ្រូនប្រភេទនេះ ដើម្បីវាយប្រហារលើអ៊ុយក្រែន៕






