លោក ត្រាំ ថាលែងមានកាតព្វកិច្ចត្រូវគិតតែពីសន្តិភាពទៀតហើយ ក្រោយមិនបានណូបែលសន្តិភាព (Video inside)

19-01-2026 02:31

(វ៉ាស៉ីនតោន)៖ ក្នុងសារមួយដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃចន្ទនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់​នាយករដ្ឋមន្រ្តីនៃប្រទេសន័រវែសថា រូបលោកលែងមានកាតព្វកិច្ចអ្វីត្រូវគិតតែអំពីសន្តិភាពសុទ្ធសាធទៀតហើយ បន្ទាប់ពីមិនបានឈ្នះ​ពានរង្វាន់ណូបែលសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦។

ក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store ពាក់ព័ន្ធការចង់បានកោះ Greenland របស់ប្រទេសដាណឺម៉ាក លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះ Jonas ដោយសារតែប្រទេសរបស់អ្នក បានសម្រេចចិត្តមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំ ទោះបីជាខ្ញុំបានបញ្ចប់សង្រ្គាមលើសពី៨ក៏ដោយនោះ ខ្ញុំយល់ថា លែងមានកាតព្វកិច្ចអ្វី ត្រូវគិតតែអំពីសន្តិភាពសុទ្ធសាធទៀតហើយ»។

លោកប្រធានាធិបតីអាមេរិក បានបន្តថា «ទោះបែបនេះក្តី សន្តិភាពនឹងនៅតែស្ថិតក្នុងការគិតគូរបស់ខ្ញុំជានិច្ច ប៉ុន្តែឥឡូវ ខ្ញុំអាចគិតអំពីអ្វីដែលល្អនិងត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិកផ្ទាល់។ ដាណឺម៉ាកមិនអាចការពារដែនដីនោះ (កោះ Greenland) ពីរុស្ស៉ីឬចិនបានឡើយ។ ខ្ញុំគឺជាបុគ្គលដែលបានធ្វើរឿងច្រើនជាងគេសម្រាប់ NATO ចាប់តាំងពីអង្គការនេះកកើតឡើងមក ដូច្នេះពេលនេះ ​NATO គួរតែធ្វើអ្វីឱ្យអាមេរិកវិញម្តង។ ពិភពលោកមិនអាចមានសុវត្ថិភាពទេ លុះត្រាតែយើងមានការគ្រប់គ្រង​ពេញលេញទាំងស្រុងលើ Greenland»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អំឡុងជំនួបនៅសេតវិមាន មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado ដែលជាម្ចាស់ជ័យលាភី​នៃ​ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ បានប្រគល់មេដាយរបស់លោកស្រី ឱ្យទៅលោក ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងថា រូបលោកសក្តិសមនឹងទទួលបានវា ដោយសាររូបលោកបានដោះស្រាយជម្លោះជាច្រើន ជុំវិញពិភពលោក ចាប់តាំងពីឡើងកាន់អំណាចអាណត្តិទី២។ សកម្មភាពរបស់លោកស្រី Machado បានញ៉ាំងឱ្យមានការចេញមុខបកស្រាយភ្លាមៗ​ពី​គណៈកម្មាធិការណូបែលន័រវែស ដែលបានបញ្ជាក់ថា ទោះមេដាយណូបែលសន្តិភាព ត្រូវបានប្រគល់ឱ្យអ្នកដទៃក៏ដោយ បុគ្គលដើមនៅតែជា ម្ចាស់ជ័យលាភីដដែល៕