នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសថានឹងរំលាយសភានៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈ (Video inside)

19-01-2026 09:47

(តូក្យូ)៖ នាថ្ងៃចន្ទ ទី១៩ ខែមករា នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោកស្រី Sanae Takaichi បានប្រកាសថា លោកស្រីគ្រោងរំលាយសភាក្នុងសប្តាហ៍នេះ ដើម្បីបើកផ្លូវសម្រាប់ការរៀបចំបោះឆ្នោតមុនអាណត្តិ ក្រោមក្តីសង្ឃឹមថា នឹងទទួលបានអំណាចរឹងមាំជាងមុន ដើម្បីជំរុញរបៀបវារៈផ្សេងៗរបស់លោកស្រី ដែលពោរពេញដោយមហិច្ឆតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា នៅថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកស្រីបានសម្រេចចិត្តថានឹងរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា។ ក្រោយរំលាយសភា លោកស្រីគ្រោងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិបែបនេះ គឺលោកស្រី ចង់សួរសាធារណជនជប៉ុនដោយផ្ទាល់ថា តើលោកស្រីសក្តីសមធ្វើជានាយករដ្ឋមន្រ្តីរបស់ពួកគេដែរឬអត់។

គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងបង្អស់ ដែលជាស្រ្តី កាលពីខែតុលា ឆ្នាំ២០២៥ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សកាន់អំណាច LDP បន្ទាប់ពីការលាលែងរបស់អតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba៕