ឡានដឹកសិស្សបុកឡានដឹកទំនិញនៅអាហ្វ្រិកខាងត្បូង សម្លាប់កុមារយ៉ាងតិច ១៣នាក់
19-01-2026 18:59
(ហ្សូហានណេសប៊ឺគ)៖ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសថា កុមារយ៉ាងហោចណាស់ ១៣នាក់បានស្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងតូចដឹកសិស្សសាលានៅខេត្ត ហ្គៅតេង (Gauteng)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
របាយការណ៍បឋមបានឱ្យដឹងថា សិស្ស ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ព្រឹក នៅពេលដែលរថយន្តដឹកសិស្សឯកជននោះ កំពុងដឹកសិស្សទៅសាលារៀននានានៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។
សាក្សីបានរាយការណ៍ថា រថយន្តដឹកសិស្សបានព្យាយាមវ៉ាជែងរថយន្តដែលឈប់ស្ងៀម មុនពេលបុកទល់មុខគ្នាជាមួយរថយន្តដឹកទំនិញ។ ទិដ្ឋភាពនៅកន្លែងកើតហេតុពោរពេញទៅដោយភាពសោកសៅ ដោយឪពុកម្តាយបានយំសោកបោកខ្លួន ខណៈសៀវភៅ និងសម្ភារៈសិក្សារបស់កុមារបានរាយប៉ាយពេញដី។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំ និងបានសន្យាថាអាជ្ញាធរជាតិ និងខេត្តនឹងផ្តល់ការគាំទ្រផ្លូវចិត្តចាំបាច់ដល់ក្រុមគ្រួសាររងគ្រោះ៕




