វិមានក្រឹមឡាំង៖ លោក ត្រាំ នឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោក បើអាមេរិកយកបានហ្គ្រីនឡែន (Video inside)
19-01-2026 13:25
(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក និងពិភពលោកយ៉ាងពិតប្រាកដ ប្រសិនបើលោកអាចគ្រប់គ្រងកោះហ្គ្រីនឡែនបានមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា លោកមិនវិនិច្ឆ័យថាទង្វើនេះល្អ ឬអាក្រក់ ឬស្របច្បាប់អន្តរជាតិឬអត់នោះទេ ប៉ុន្តែគ្រាន់តែទទួលស្គាល់ពីទំហំនៃផលប៉ះពាល់ជាប្រវត្តិសាស្ត្ររបស់វាប៉ុណ្ណោះ។
លោក ត្រាំ បានទទូចចង់បានកម្មសិទ្ធិលើដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដោយអះអាងថា ដើម្បីការពារកុំឱ្យរុស្ស៊ី ឬចិនចូលកាន់កាប់។ ទោះជាយ៉ាងណា លោក ប៉េស្កូវ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់អំពី «បំណងរបស់រុស្ស៊ី» លើហ្គ្រីនឡែននោះទេ។
ក្រសួងការបរទេសរុស្ស៊ីធ្លាប់បានរិះគន់ថា ការដែលលោកខាងលិចចេះតែអះអាងថារុស្ស៊ី និងចិនគំរាមកំហែងហ្គ្រីនឡែន គឺជារឿងមិនអាចទទួលយកបាន និងបង្ហាញពី «ស្តង់ដារពីរ» របស់មហាអំណាចលោកខាងលិច៕




