រុស្ស៊ី វាយប្រហារប្រព័ន្ធថាមពលអ៊ុយក្រែន កាត់ផ្តាច់ចរន្តអគ្គីសនីក្នុងតំបន់ចំនួន ៥ ចំពេលសីតុណ្ហភាពត្រជាក់ខ្លាំង (Video inside)

19-01-2026 14:20

(កៀវ)៖ មន្ត្រីអ៊ុយក្រែនបានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនយ៉ាងសន្ធាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ចំនួន ៥ នៅទូទាំងប្រទេស ចំពេលសីតុណ្ហភាពត្រជាក់ខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនសរុប ១៤៥គ្រឿង ប៉ុន្តែប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ ១២៦គ្រឿង។ ទោះជាយ៉ាងណា ការវាយប្រហារនេះបានប៉ះពាល់ដល់តំបន់ Sumy, Odesa, Dnipropetrovsk, Kharkiv និង Chernihiv។

នៅតំបន់ Odesa ហេដ្ឋារចនាសម្ព័ន្ធថាមពល និងហ្គាសបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យគ្រួសារជាង ៣០,០០០ គ្មានភ្លើងប្រើប្រាស់។ លើសពីនេះ ទីក្រុង Kharkiv ក៏ត្រូវបានវាយប្រហារដោយមីស៊ីលផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនថាមពល Yasno លោក សឺហ៊ី កូវ៉ាឡិនកូ (Serhii Kovalenko) បានរិះគន់ថា «ការគ្មានអគ្គិសនីប្រើប្រាស់ជាង ១៦ម៉ោង ជារឿងដ៏អាក្រក់...នេះគឺជាការវាយប្រហារដ៏ពិសពុលរបស់សត្រូវដែលមានបំណងបង្កើតគ្រោះមហន្តរាយមនុស្សធម៌»៕