លោក ត្រាំ អញ្ជើញលោក ពូទីន ចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយជម្លោះសកល (Video inside)
19-01-2026 15:48
(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទទួលការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ដែលមានគោលដៅដោះស្រាយជម្លោះនានាជុំវិញពិភពលោក រួមទាំងការគ្រប់គ្រង និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកកាសែតថា «លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ»។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោក ពូទីន នឹងចូលរួមឬអត់។
គួរបញ្ជាក់ថា សេតវិមានបានទាក់ទងទៅកាន់មេដឹកនាំ និងឥស្សរជនសំខាន់ៗជុំវិញពិភពលោក ដើម្បីចូលរួមក្នុងក្រុមប្រឹក្សានេះ ដែលដឹកនាំដោយប្រធានាធិបតីអាមេរិកផ្ទាល់។ កន្លងមក លោក ពូទីន ធ្លាប់បានសរសើរលោក ត្រាំ ថាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិស្មុគស្មាញដែលអូសបន្លាយរាប់ទសវត្សរ៍ ដូចជាវិបត្តិហ្គាហ្សានេះ៕




