ដាណឺម៉ាក បញ្ជូនកងទ័ពបន្ថែមទៅកាន់ Greenland ខណៈភាពតានតឹងកើនឡើង

20-01-2026 08:40

(កូប៉ិនហាក)៖ ដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់ Greenland ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តគំរាមប្រើកម្លាំងយោធាដើម្បីគ្រប់គ្រង ដែនកោះដ៏ធំល្វឹងល្វើយនៃតំបន់អាក់ទិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា​ Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស។ ការគំរាមយកពន្ធនេះទៀតសោត កើតមានឡើងក្រោយក្រុមប្រទេសអឺរ៉ុបទាំងនេះបានចូលរួម ក្នុងសមយុទ្ធចម្រុះជាតិសាសន៍មួយដឹកនាំដោយកងទ័ពដាណឺម៉ាកនៅ Greenland កាលពីចុងសប្ដាហ៍កន្លងទៅ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រសម្លុតគំរាមរបស់លោក ត្រាំ បាន និងកំពុងបង្កជាហានិភ័យផ្ទុះសង្រ្គាមពាណិជ្ជកម្មជាមួយអឺរ៉ុប និងកំពុងរុញច្រានទំនាក់ទំនងអន្តរអាត្លង់ទិក (NATO) ធ្លាក់ចូលទៅក្នុងវិបត្តិដ៏ជ្រៅមួយមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។ ក្រុមមន្ត្រីអឺរ៉ុបបានអះអាងថាប្រសិនបើសហរដ្ឋអាមេរិកពិតជាដំឡើងពន្ធគយ បន្ថែមដូចការគំរាមពិតមែន នោះសហភាពអឺរ៉ុបទំនងជានឹងវាយបកវិញដោយដំឡើងពន្ធគយគិតជាទឹកប្រាក់ ៩៣ពាន់លានអឺរ៉ូលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។

បារាំង និងអាល្លឺម៉ង់កាលពីថ្ងៃចន្ទក៏បានអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការសម្លុតគំរាមពន្ធរបស់លោក ត្រាំ ផងដែរ បើទោះជាប្រទេសទាំង២ ជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងក៏ដោយ៕