ស៊ីរីអះអាងថាអ្នកទោស ISIS ១២០នាក់ ហែកគុក ខណៈសារព័ត៌មានឃើដថា១៥០០នាក់កំពុងរត់គេចខ្លួន (Video inside)

20-01-2026 02:44

(គែរ)៖ ក្រសួងមហាផ្ទៃស៊ីរី នៅថ្ងៃអង្គារ ទី២០ ខែមករា បានឱ្យដឹងថាអ្នកទោស ISIS ១២០នាក់បានហែកគុករត់រួចចេញពីព​ន្ធគារ Shaddadi បន្ទាប់ពីសារព័ត៌មានឃើដ Rudaw បានរាយការណ៍ដោយផ្អែកលើអ្នកនាំពាក្យម្នាក់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ថាមានអ្នកទោស ISIS ១៥០០នាក់ បានរត់ចេញពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។

គួរបញ្ជាក់ថា ដំបូងឡើយ កងទ័ពស៊ីរីអះអាងថាអ្នកទោស ISIS មួយចំនួនតូចបានហែកគុករត់ចេញពីពន្ធនាគារមួយដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ស្ថិតនៅក្នុងទីក្រុង Shaddadi នៃភាគខាងកើតប្រទេស ហើយចោទថា SDF ជាអ្នកដោះលែងពួកគេ៕