កាណាដា កំពុងពិចារណាថាតើគួរ ឬមិនគួរបញ្ជូនកងទ័ពទៅកាន់ Greenland (Video inside)
20-01-2026 03:17
(អូតាវ៉ា)៖ កាណាដាកំពុងពិចារណាថាតើគួរ ឬមិនគួរបញ្ជូនកងទ័ពមួយចំនួនតូចទៅកាន់ Greenland ដើម្បីចូលរួមក្នុងសមយុទ្ធយោធារបស់ NATO នៅចំពោះមុខការសម្លុតគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាអាចនឹងប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាណាដាដូចជា CBC News និង Globe and Mail បានរាយការណ៍ថាក្រុមមន្ត្រីយោធាកាណាដា បានធ្វើបទបង្ហាញពីផែនការសម្រាប់ការធ្វើប្រតិបត្តិការទៅកាន់រដ្ឋាភិបាល និងកំពុងរង់ចាំការសម្រេចចិត្តពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney។ ប៉ុន្តែ ខាងការិយាល័យរបស់លោក Carney បានបដិសេធធ្វើការអត្ថាធិប្បាយ។
ការសម្លុតគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថានឹងគ្រប់គ្រង Greenland បាន និងកំពុងបង្កជាបញ្ហាប្រឈមសម្រាប់លោក Carney ដែលមានបំណងចង់បង្ហាញពីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈព្យាយាមចៀសវាងធ្វើឱ្យលោក ត្រាំខឹងសម្បារ បើទោះជាលោក ត្រាំ ក៏ធ្លាប់គំរាមគ្រប់គ្រងកាណាដាក៏ដោយ។
គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបមួយចំនួន បានបញ្ជូនកងទ័ពមួយចំនួនតូចទៅកាន់ Greenland កាលពីសប្ដាហ៍មុន ហើយអាល្លឺម៉ង់ បារាំង ស៊ុយអែត ន័រវែស ហ្វាំងឡង់ និងហូឡង់ក៏បាននិយាយដែរថាពួកគេកំពុងបញ្ជូនបុគ្គលិកយោធាឱ្យទៅជួយត្រៀមរៀបចំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅក្នុងឆ្នាំនេះ៕






