ស្តេចច្នៃម៉ូដអ៉ីតាលី យីហោលំដាប់ពិភពលោក Valentino បានទទួលមរណភាពហើយ (Video inside)
20-01-2026 04:13
(រ៉ូម)៖ លោក Valentino Garavani ដែលគេដាក់រហ័សនាមថាជាអធិរាជច្នៃម៉ូដសម្លៀកបំពាក់ដ៏អស្ចារ្យ ប្រចាំសតវត្សទី ២០ និងត្រូវបានគេស្គាល់តាមរយៈម៉ាកយីហោលំដាប់ពិភពលោក Valentino បានទទួលមរណភាព កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងអាយុ ៩៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ ២០២៦។
ក្រុមការងាររបស់លោក Valentino បានឱ្យដឹងថា លោកបានទទួលមរណភាព នៅឯគេហដ្ឋានក្នុងទីក្រុងរ៉ូម។ ចំពោះមូលហេតុនៃការស្លាប់ មិនត្រូវបានគេដឹងភ្លាមៗនោះទេ។
កើតនៅឆ្នាំ ១៩៣២ នៅ Voghera ដែលជាទីក្រុងតូចមួយក្នុងតំបន់ Lombardia ប្រទេសអ៉ីតាលី លោក Valentino ដឹងខ្លួនឯងតាំងពីក្មេងថាមានដុងខាងច្នៃម៉ូដ។ នៅពេលអាយុ ១៧ឆ្នាំ ឪពុកម្តាយរបស់លោក បានសម្រេចតាមបំណងប្រាថ្នារបស់លោក ដោយបញ្ជូនលោកឱ្យទៅរៀននៅសាលាសិល្បៈ និងច្នៃម៉ូដក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
នាឆ្នាំ ១៩៥៩ លោក Valentino បានត្រលប់មកទីក្រុងរ៉ូមវិញ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ លោកបានបើកហាងមួយនៅផ្លូវ Via Condotti ដ៏ល្បីល្បាញ ហើយវាជាចំណុចចាប់ផ្តើមនៃម៉ាកយីហោ Valentino។ បុរសជនជាតិអ៊ីតាលីរូបនេះ បានធ្វើការតំណាងឱ្យចក្រភពម៉ូដប្រណីត អស់រយៈពេលជិតកន្លះសតវត្ស។ លោកបានបង្កើតអត្តសញ្ញាណនៃភាពស្រស់ស្អាត និងឆើតឆាយដោយម៉ូដសម្លៀកបំពាក់ឱ្យតារាល្បីៗ ដូចជា Elizabeth Taylor, Audrey Hepburn, Marella Agnelli និង Jacqueline Onassis ជាដើម។
ចក្ខុវិស័យរបស់ Valentino គឺផ្អែកលើការធ្វើឱ្យរបៀបស្លៀកពាក់ ក្លាយទៅជាមធ្យោបាយមួយ ដើម្បីបង្កើនភាពស្រស់ស្អាតសម្រាប់ស្ត្រី តាមបែបបទបុរាណលាយសម័យ។ សម្លៀកបំពាក់ដែលលោកបានច្នៃឡើង ត្រូវបានគេទទួលស្គាល់ថាជាម៉ូដដែលមនុស្សស្រីចង់ស្លៀកពាក់ ពីមួយឆ្នាំទៅមួយឆ្នាំ៕









