សារព័ត៌មានជប៉ុន Nikkei ចុះផ្សាយពីការរៀបរាប់នូវទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលមិនអាចត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ
19-01-2026 22:45
(តូក្យូ)៖ សារព័ត៌មានជប៉ុន Nikkei នៅថ្ងៃអង្គារ ទី២០ ខែមករា បានចេញផ្សាយអត្ថបទមួយដែលបានរៀបរាប់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលមិនអាចត្រឡប់ទៅកាន់ ផ្ទះសម្បែងរបស់ពួកគេវិញ ទោះបីជាមានបទឈប់បាញ់រវាងកម្ពុជា និងថៃក៏ដោយ។
ស្ត្រីម្នាក់មានអាយុ៤៨ឆ្នាំ និងមានកូន៤នាក់ ឈ្មោះថា Sot Savareth បានរៀបរាប់ពីទុក្ខលំបាកដែលគាត់មិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់គាត់វិញ នៅក្នុងភូមិជោគជ័យ ជាទីកន្លែងកំណើតរបស់គាត់។ «ខ្ញុំមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ខ្ញុំវិញបានទេ ក៏ព្រោះតែរនាំងទាំងនេះដែលកងទ័ពថៃ បានដំឡើងនៅបន្ទាប់ពីមានបទឈប់បាញ់»។ នេះជាការលើកឡើងរបស់លោកស្រី Sot Savareth។
លោកស្រីបន្តថា «ខ្ញុំបានទុកចោលអ្វីៗគ្រប់យ៉ាង និងបានរត់ភៀសខ្លួន...ហើយខ្ញុំពិតជាហួសចិត្តខ្លាំងណាស់ចំពោះអ្វីដែល ពួកគេ (ទាហានថៃ) បានធ្វើមកលើផ្ទះរបស់ខ្ញុំ»។ ថៃបានដំឡើងរនាំងដែលមានសរសេរជាភាសាខ្មែរ ថៃ និងអង់គ្លេសនៅលើនោះថា «ពលរដ្ឋកម្ពុជាមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់នេះដាច់ខាត»។
លោកស្រី Savareth បានឱ្យដឹងថាប្ដីរបស់លោកស្រីជាជនជាតិថៃ ហើយកូនទាំង៤របស់លោកស្រីកំពុងរស់នៅក្នុងប្រទេសថៃ។ ដូច្នេះរនាំងដែលកងទ័ពថៃបានដំឡើងបានរារាំងមិន ឱ្យលោកស្រីជួបជុំគ្រួសារវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei ក្នុងទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានកត់សម្គាល់ថាការកាន់កាប់ គឺហួសពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានអះអាងដោយថៃ។ «នេះជាការកាន់កាប់ដោយខុសច្បាប់ និងបានកើតឡើងយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ ប្រមុខការទូតកម្ពុជា ដោយបន្ថែមថា «វាជារឿងមិនអាចទទួលយកបានឡើយសម្រាប់ប្រជាជនកម្ពុជា។ នេះបង្ហាញពីហានិភ័យនៃការដួលរលំបទឈប់បាញ់ ហើយភាពផុយស្រួយ នៃបទឈប់បាញ់បានឆ្លុះបញ្ចាំងថាការកាន់កាប់ដោយខុសច្បាប់អាចនឹងនាំទៅរកការច្បាមយកទឹកដី (របស់កម្ពុជា)»។
គួរបញ្ជាក់ថា បើតាម Nikkei ក្រុមមន្ត្រីកម្ពុជាមួយចំនួន ក៏បានមើលឃើញដែរថាព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ព្រំដែន គឺជាសូចនាករមួយបង្ហាញពីយុទ្ធសាស្ត្ររបស់ថៃ អំឡុងសង្រ្គាមព្រំដែនកាលពីពេលថ្មីៗនេះ។ ពោលគឺពួកគេយល់ថាទង្វើរបស់ថៃជាយុទ្ធសាស្ត្រ Salami Slicing ឬជាវិធីសាស្ត្រ ដែលរំកិលចូល «ម្តងបន្តិចៗ» ឬ «កាត់បន្តិចម្តងៗ» ដូចដែលគេបានឃើញនៅក្នុងករណីសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន៕








