អូស្រ្តាលីសម្រេចបិទឆ្នេរសមុទ្រជាច្រើនកន្លែងនៅភាគខាងកើតប្រទេស ក្រោយមានករណីត្រីឆ្លាមវាយប្រហារផ្ទួនៗ (Video inside)

20-01-2026 06:18

(ស៉ីដនី)៖ នាថ្ងៃអង្គារនេះ ឆ្នេរសមុទ្ររាប់សិបកន្លែង នៅតាមបណ្តោយភាគខាងកើតនៃប្រទេសអូស្រ្តាលី រួមមានទាំងនៅទីក្រុងស៉ីដនី ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយមានករណីសត្វត្រីឆ្លាមវាយប្រហារសរុប៤ករណី ក្នុងរយៈពេលត្រឹម២ថ្ងៃ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

ឆ្នេរទាំងអស់នៅជុំវិញទីក្រុង Port Macquarie ចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងស៉ីដនី ត្រូវបានបិទបន្ទាប់ពី​បុរសម្នាក់ត្រូវបានត្រីឆ្លាមខាំឱ្យរបួស អំឡុងពេលជិះស្គីលើសមុទ្រ កាលពីវេលាព្រឹកអង្គារនេះ។ រីឯកាលពីថ្ងៃចន្ទ នៅឆ្នេរសមុទ្រមួយក្នុងតំបន់ Manly នៃទីក្រុងស៉ីដនី ក៏មានសេចក្តីរាយការណ៍អំពីបុរសម្នាក់ ត្រូវត្រីឆ្លាមខាំផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដដែល ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ សំណាងល្អបានរួចខ្លួន ក្រោយត្រីឆ្លាមបុកក្តារសម្រាប់ជិះស្គីលើទឹករបស់គេ ហើយខាំចំត្រូវក្តារស្គីនោះ។ រីឯ កាលពីថ្ងៃអាទិត្យ ក្មេងប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយត្រូវត្រីឆ្លាមខាំ នៅឆ្នេរមួយកន្លែងទៀតនៃទីក្រុងស៉ីដនី។ ឆ្នេរទាំងអស់នៅតំបន់ Northern Beaches នៃទីក្រុងស៉ីដនី ត្រូវបានបិទរហូតដល់​ពេលមានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា ករណីវាយប្រហារទាំងនេះ កើតឡើងក្រោយមានការធ្លាក់ភ្លៀងខ្លាំង ដែលត្រូវបានអះអាងថា បង្កើតជា​លក្ខខណ្ឌអំណោយផល សម្រាប់ត្រីឆ្លាមប្រភេទ bull shark ដែលសង្ស័យថា នៅពីក្រោយការវាយប្រហារមួយចំនួន។ យោងតាម​ទិន្នន័យពីក្រុមអ្នកអភិរក្ស អូស្រ្តាលីមើលឃើញមាន ករណីត្រីឆ្លាមវាយប្រហារប្រហែល២០ករណី ក្នុងមួយឆ្នាំៗ ហើយក្នុងចំណោមនោះ តិចជាង​៣ករណី ដែលមានជនរងគ្រោះបាត់បង់ជីវិត។ តួលេខទាំងនេះគឺទាបខ្លាំង បើប្រៀបធៀបជាមួយករណីមនុស្សលង់ទឹកស្លាប់ នៅតាមបណ្តាឆ្នេរនានា នៃប្រទេសអូស្រ្តាលី៕