ប្រទេសចំនួន៦ យល់ព្រមចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Video inside)

20-01-2026 06:42

(វ៉ាស៉ីនតោន)៖ សរុបមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមបង្កើត ក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីដោះស្រាយបញ្ហាជម្លោះនានា នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

ប្រទេសវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស បានបញ្ជាក់ថា ពួកគេនឹងចូលរួមក្នុងក្រុមប្រឹក្សាខាងលើ ខណៈប្រទេសជាច្រើនផ្សេងទៀត បាននិយាយថា ពួកគេចង់បានព័ត៌មានលម្អិតបន្ថែម ដូចជាថាតើក្រុមប្រឹក្សានឹងធ្វើប្រតិបត្តិការដោយ​របៀបណា និងតើវាអាចប៉ះពាល់អង្គការសហប្រជាជាតិ (UN) ដែរឬអត់។

គួរបញ្ជាក់ថា លោក ត្រាំ បានអញ្ជើញប្រទេសប្រហែល៦០ ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក។ វិមានក្រឹមឡាំង បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើនេះ ខណៈអ៉ីស្រាអែល មិនទាន់ឆ្លើយថា នឹងចូលរួមឬមិនចូលរួមនោះទេ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងប្រកាសពីបញ្ជីឈ្មោះពេញលេញនៃសមាជិកក្រុមប្រឹក្សា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ទំនងជាអាចនៅអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស៕