ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យពង្រឹងប្រព័ន្ធឃ្លាំមើលដ្រូន ដើម្បីចៀសវាងការបង្កហេតុជាមួយកូរ៉េខាងជើង (Video inside)
20-01-2026 07:08
(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា សព្វថ្ងៃហាក់មានចន្លោះប្រហោង នៅក្នុងប្រព័ន្ធឃ្លាំមើលរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិនិត្យតាមដានដ្រូនដែលធ្វើប្រតិបត្តិការដោយជនស៉ីវិល ហោះចូលទៅកូរ៉េខាងជើង ដោយលោកព្រមានថា ឧប្បត្តិហេតុបែបនេះ អាចបង្កហានិភ័យធ្វើឱ្យការកើនឡើងភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។
ក្នុងខែមករានេះ កូរ៉េខាងជើងបាននិយាយថា មានយន្តហោះដ្រូនពីកូរ៉េខាងត្បូង ត្រូវបានបង្ហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន។ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងថា ក្រុមស៉ើបអង្កេតឧប្បត្តិហេតុនេះ បានកោះហៅជនសង្ស័យម្នាក់ ដែលជាជនស៉ីវិលមកសួរនាំ។ លោក Lee បានលើកឡើងយ៉ាងដូច្នេះថា «វាមិនគួរកើតឡើងសោះឡើយ ដែលជនស៉ីវិលអាចបញ្ជូនដ្រូនចូលទៅកូរ៉េខាងជើង ក្នុងគោលបំណងខុសច្បាប់។ ហេតុអ្វីបានជាយើងមិនអាចពិនិត្យឃើញថា មានដ្រូនត្រូវបានបង្ហោះចូលទៅកូរ៉េខាងជើង?»។
លោកប្រធានាធិបតី បានបន្តថា សកម្មភាពបែបនេះ គឺស្មើនឹងដុតបញ្ឆេះសង្រ្គាម ហើយបង្កើតភាពតានតឹងមិនចាំបាច់ជាមួយកូរ៉េខាងជើង ដែលជះផលប៉ះពាល់អវិជ្ជមាន ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ លោកបានអំពាវនាវឱ្យការស៉ើបអង្កេត ប្រព្រឹត្តទៅដោយភាពហ្មត់ចត់បំផុត ដើម្បីធានាថា ករណីបែបនេះមិនកើតឡើងម្តងទៀត។ លោក Lee បាននិយាយថា ស្របពេលដែលការស៉ើបអង្កេតកំពុងបន្ត ប្រសិនបើពលរដ្ឋកូរ៉េខាងត្បូង ពិតជាត្រូវបានរកឃើញថា លួចបង្ហោះដ្រូនចូលទៅកូរ៉េខាងជើង នោះរូបគេ អាចនឹងរងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ សម្រាប់ការបង្កហេតុដាក់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា អ្នកនាង Kim Yo Jong ដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានទទូចឱ្យកូរ៉េខាងត្បូងស៉ើបអង្កេតឧប្បត្តិហេតុនេះ ជាមួយការព្រមានថា សកម្មភាពបង្កហេតុណាមួយ អាចនាំទៅរកស្ថានការណ៍យ៉ាងអាក្រក់។ រដ្ឋាភិបាលលោក Lee Jae Myung បាននិងកំពុងព្យាយាមចង់ជំរុញទំនាក់ទំនងឱ្យប្រសើរឡើងជាមួយទីក្រុងព្យុងយ៉ាង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន ប៉ុន្តែមកទល់ពេលនេះ ចេតនារបស់លោក ត្រូវបានបដិសេធដោយកូរ៉េខាងជើង៕







