លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ក្រោយលោក ម៉ាក្រុង ចង់បដិសេធចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក (Video inside)

20-01-2026 00:50

(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី១៩ ខែមករា លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធរហូតដល់២០០% លើស្រាក្រហមនិងស្រាសាំប៉ាញរបស់បារាំង ដោយសារតែប្រធានាធិបតីបារាំង ចង់បដិសេធការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ឱ្យចូលរួមក្នុង​ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គំនិតនៃក្រុមប្រឹក្សាសន្តិភាពនេះ ពីដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង សម្រាប់ទទួលបន្ទុកលើការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអ៉ីស្រាអែល ប៉ុន្តែឥឡូវ បើយោងតាមខ្លឹមសារធម្មនុញ្ញនៃក្រុមប្រឹក្សា គឺវាហាក់មិនរឹតត្បិតតួនាទី នៅត្រឹមដែនដីប៉ាឡេស្ទីននេះឡើយ។

លោក ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធ២០០% លើស្រាក្រហមនិងស្រាសាំប៉ាញរបស់បារាំង ហើយនៅពេលនោះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ច្បាស់ជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព។ យ៉ាងណាមិញ លោក ត្រាំ បានបន្ថែម លោក ម៉ាក្រុង មិនចាំបាច់ត្រូវតែចូលរួមឡើយ ព្រោះលោកនៅកាន់អំណាចមិនបានយូរទៀតទេ ដោយលោក ត្រាំ ចង់សំដៅលើការបោះឆ្នោតប្រធានាធិបតីបារាំង ដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៧។

ប្រភពដែលស្និទ្ធនឹងលោក ម៉ាក្រុង បានបង្ហើបប្រាប់ AFP កាលពីថ្ងៃចន្ទថា បារាំងមិនមានបំណងឆ្លើយយល់ព្រម ​ចំពោះការអញ្ជើញរបស់អាមេរិកទេ ហើយបានសង្កត់ធ្ងន់ថា ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ គឺហួសពីក្របខណ្ឌដំបូង ដែលត្រូវបានកំណត់ គឺត្រឹមតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា លោក ត្រាំ បានអញ្ជើញប្រទេសប្រហែល៦០ ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace របស់លោក ក្នុងនោះរួមមានទាំងចិននិងរុស្ស៉ី ហើយគិតត្រឹមពេលនេះ មានប្រទេសយ៉ាងហោចចំនួន៦ បានយល់ព្រមចូលរួម ដូចជាវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ខណៈប្រទេសជាច្រើនផ្សេងទៀត បាននិយាយថា ពួកគេចង់បានព័ត៌មានលម្អិតបន្ថែម ដូចជាថាតើក្រុមប្រឹក្សានេះ នឹងធ្វើប្រតិបត្តិការដោយ​របៀបណា និងតើវាអាចប៉ះពាល់តួនាទីអង្គការសហប្រជាជាតិ (UN) ដែរឬអត់៕