ត្បូងកម្រពណ៌ស្វាយ ទំហំជាង ៣ពាន់ការ៉ាត់ ត្រូវបានដាក់បង្ហាញនៅប្រទេសស្រីលង្កា
20-01-2026 15:10
(កូឡុំបូ)៖ ត្បូងកណ្តៀងផ្កាយពណ៌ស្វាយមួយគ្រាប់ ទំហំ ៣ ៥៦៣ការ៉ាត់ ដែលត្រូវបានគេអះអាងថា ជាត្បូងប្រភេទនេះធំបំផុតលើពិភពលោក ត្រូវបានដាក់បង្ហាញក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍មុន ដែលម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ ហើយអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ ២០២៦។
លោក Ashan Amarasinghe ដែលជាអ្នកជំនាញខាងត្បូងពេជ្រ និងផ្តល់ប្រឹក្សា បាននិយាយថា ត្បូងរាងមូលហៅថា «Star of Pure Land» គឺជាត្បូងកណ្តៀងពណ៌ស្វាយធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានកត់ត្រាទុកក្នុងឯកសារ។ លោកបន្ថែមថា ត្បូងនេះមានពន្លឺទម្រង់រាង ៦ជ្រុងដូចផ្កាយ នោះហើយជាចំណុចពិសេសរបស់វា។
ត្បូងប៉ូលារួចនេះ គឺជាកម្មសិទ្ធិរបស់ក្រុម Star of Pure Land Team ដែលបានរក្សាទុក និងមិនបញ្ចេញឱ្យដឹង ដោយសារតែហេតុផលសុវត្ថិភាព។ ម្ចាស់ម្នាក់និយាយថា ត្បូងនេះត្រូវបានរកឃើញក្នុងរណ្តៅត្បូងមួយ ជិតទីក្រុង Rathnapura ដែលនៅដាច់ស្រយាលក្នុងប្រទេសស្រីលង្កា ដែលគេស្គាល់ថាជាទីក្រុងនៃត្បូង ក្នុងឆ្នាំ ២០២៣។ គេបានទិញវារួម ជាមួយត្បូងផ្សេងទៀតក្នុងឆ្នាំ ២០២៣ តែប្រហែលពីរឆ្នាំក្រោយមក ទើបម្ចាស់ដឹងថា ជាត្បូងពិសេស។ វាអាចលក់បាន ក្នុងតម្លៃចន្លោះពី ៣០០លានដុល្លារទៅ ៤០០ លានដុល្លារ។ នេះបើតាមអ្នកវាយតម្លៃអន្តរជាតិ។
គួរបញ្ជាក់ថា ត្បូងកណ្តៀងស្រីលង្កា មានភាពល្បីល្បាញ ដោយសារពណ៌ពិសេសៗ ថ្លាច្បាស់ និងពន្លឺចែងចាំង៕








