បទវិភាគ៖ ទិសដៅនៃ «ទំនាក់ទំនងភាពជាដៃគូចំនួន ៤» ជំរុញឱ្យទំនាក់ទំនងរវាងចិននិងកាណាដា ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
20-01-2026 16:30
(ប៉េកាំង)៖ "ចិននិងកាណាដាពួតដៃគ្នាកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របែបថ្មី វានឹងផ្តល់សុខសុភមង្គល និងផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោក ។ល។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដានៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ។ នេះគឺជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសចិនម្តងទៀតបន្ទាប់ពី រំលងអស់រយៈពេល ៨ ឆ្នាំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួប ពិភាក្សាការងារជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាដោយលើកឡើងថា ភាគីទាំងពីរត្រូវធ្វើជាដៃគូ ដែលគោរពគ្នាទៅវិញទៅមក ដៃគូដែលរួមគ្នាអភិវឌ្ឍ ដៃគូដែលជឿទុកចិត្តគ្នាទៅវិញទៅមកនិងជាដៃគូ ដែលសម្របសម្រួល និងសហការគ្នាដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងការត្រួសត្រាយអនាគតថ្មី ។ ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចជំនួបរវាងថ្នាក់ដឹកនាំចិននិងកាណាដា» ដោយឯកភាពគ្នាថា នឹងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របែបថ្មីរវាងចិននិងកាណាដា។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney លើកនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង នូវទិសដៅនៃ"ទំនាក់ទំនងភាពជាដៃគូចំនួន ៤ "ដែលបានតម្រង់ទិសដៅឱ្យចិននិងកាណាដា ដើម្បីកសាងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រ បែបថ្មីដោយផ្តោតលើវិស័យនយោបាយ អភិវឌ្ឍន៍ វប្បធម៌មនុស្សជាតិនិងពហុភាគីដោយឡែកពីគ្នា ។ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាបានថ្លែងថា ភាគីកាណាដារីករាយធ្វើការជាមួយភាគីចិន ដើម្បីកសាងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្របែបថ្មីដ៏ខ្លាំងក្លានិងប្រកបដោយនិរន្តរភាព ក្នុងន័យនាំមកនូវសុភមង្គលនិងផលប្រយោជន៍ កាន់តែច្រើនជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ។ នៅជំហានបន្ទាប់ តើប្រទេសចិននិងកាណាដានឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងនិរន្តរភាពតាមរបៀបណា?
ការកសាងទំនុកចិត្តខាងនយោបាយគឺជាបញ្ហាស្នូល។ នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានរំលឹកឡើងវិញ នូវការប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានសន្យាថា នឹងធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របែបថ្មី រវាងចិននិងកាណាដាដោយប្រកាន់ខ្ជាប់ស្មារតី គោរពគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការគឺជាកម្លាំងចលករ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney លើកនេះ ភាគីទាំងពីរ ចិននិងកាណាដាបានពង្រីកនិងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម ថាមពល កសិកម្មនិងហិរញ្ញវត្ថុជាដើមដែលបានបំពេញបន្ថែម នូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផងដែរ ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានចុះហត្ថលេខាលើ «ផែនទីបង្ហាញផ្លូវស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កាណាដា» ដែលជាឯកសារសហប្រតិបត្តិការ កម្រិតខ្ពស់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនយន្តការគណកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កាណាដា និងពង្រឹងនិងពង្រីកដោយគ្រប់ជ្រុងជ្រោយ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើគ្រប់វិស័យ។
ការតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney នៅប្រទេសចិន ភាគីទាំងពីរបានសម្រេចចិត្តចាប់ដំណើរការឡើងវិញ នូវគណៈកម្មាធិការចម្រុះស្តីពីវប្បធម៌ចិន-កាណាដាដើម្បីខិតខំប្រឹងប្រែង បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យដូចជាវប្បធម៌ ការអប់រំ សិល្បៈ សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌និងឧស្សាហកម្មច្នៃប្រឌិតថ្មី ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney លើកនេះ ភាគីចិនបានថ្លែងថា រីករាយបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាមួយភាគីកាណាដាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ប្រទេសG ២០ និងអង្គការសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាដើម ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល។ ដោយឡែកភាគីកាណាដាបានវាយតម្លៃ យ៉ាងខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ហើយរីករាយធ្វើការជាមួយ ភាគីចិនដើម្បីធ្វើឱ្យកិច្ចសម្របសម្រួលពហុភាគីមានភាពជិតស្និទ្ធ គាំពារពហុភាគីនិយមនិងកិត្យានុភាព របស់អង្គការសហប្រជាជាតិ ក៏ដូចជារួមគ្នាគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។
ឈរលើការចាប់ផ្តើមថ្មី បើសិនជាចាត់ទុកទិសដៅនៃ "ទំនាក់ទំនងភាពជាដៃគូទាំង ៤ " ជាការណែនាំ បង្កើនការកសាងទំនុកចិត្ត លុបបំបាត់ឧបសគ្គនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ នោះចិននិងកាណាដាក៏អាចជំរុញទំនាក់ទំនងទេ្វភាគី ឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។ ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាពនិងស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនិងវិបុលភាព នៃពិភពលោកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន





