បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

20-01-2026 16:59

(ប៉េកាំង)៖ “ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះ លើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ” និង “ភាពធន់ដ៏ខ្លាំងក្លា” ជាដើមព្រមៗគ្នា។

ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤” របស់ចិន GDPរបស់ចិនបានលើសពី ១៤០ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូង ភារកិច្ចជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ត្រូវបានសម្រេចដោយគាប់ប្រសើរ។ នេះមិនត្រឹមតែមានន័យថា “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”បានសម្រេចដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ នៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ផងដែរ។ នាពេលថ្មីៗនេះ អង្គការអន្តរជាតិសំខាន់ៗ បានដំឡើងការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនជាបន្តបន្ទាប់ មូលធនអន្តរជាតិដែលមានក្រុមហ៊ុន JPM និងក្រុមហ៊ុន BLK ជាតំណាង បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយម ចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក សេដ្ឋកិច្ចចិនបានវិវឌ្ឍទៅមុខក្រោមសម្ពាធប្រកបដោយស្ថិរភាព នេះគឺជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ពិភពលោក ។ លោក He Jun អគ្គនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីខាងជើងនៃក្រុមហ៊ុន KSB ដែលជាក្រុមហ៊ុនផលិតសន្ទះបិទបើក និងម៉ាស៊ីនបូមរបស់អាល្លឺម៉ង់បានថ្លែងថា មូលដ្ឋានគ្រឹះឧស្សាហកម្មរបស់ចិន មានភាពរឹងមាំ ដែលបានផ្តល់ទីផ្សារនិងលំហកំណើន សម្រាប់សហគ្រាសទុនបរទេសទប់ទល់នឹង ហានិភ័យនិងទទួលការអភិវឌ្ឍជាបន្តបន្ទាប់។

អ្វីដែលគួរឱ្យបញ្ជាក់នោះគឺសេដ្ឋកិច្ចរបស់ចិនក៏មានភាពធន់ដ៏ខ្លាំងក្លាដែរ នេះបានបំពេញបន្ថែមភាពប្រាកដប្រជាដ៏មានតម្លៃដល់ សេដ្ឋកិច្ចពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា ប៉ុស្តិ៍ CNBC របស់សហរដ្ឋអាមេរិកជាដើមបានលើកឡើងថា ក្រោមកម្លាំងសម្ពាធដូចជា សង្គ្រាមពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក និងភាពមិនប្រាកដប្រជាបានកើនឡើងជាដើម សេដ្ឋកិច្ចចិនទទួលបាន នូវសមិទ្ធផលបែបនេះ គឺបានមកដោយមិនងាយទេ។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រុមហ៊ុន KPMG ដែលជាទីភ្នាក់ងារគណៈនេយ្យករដ៏ល្បីឈ្មោះ លើពិភពលោកបានឱ្យដឹងថា សហគ្រាសពហុជាតិចំនួនជិត៧០ភាគរយ ដែលបានផ្តល់បទសម្ភាសន៍មានជំនឿចិត្ត ចំពោះអនាគតអភិវឌ្ឍន៍នៅប្រទេសចិន ក្នុងរយៈពេល៣ដល់៥ឆ្នាំខាងមុខនេះ សហគ្រាសពហុកជាតិចំនួន៩៤ភាគរយ ប្រកាន់ខ្ជាប់ការវិនិយោគនៅទីផ្សារចិន ។ បើប្រៀបធៀបនឹង ការព្យាករណ៍អំពីសេដ្ឋកិច្ចសកល ក្រុមហ៊ុនពហុជាតិកាន់តែមានសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចរបស់ចិន ។ នេះបានបង្ហាញថា ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង។

បើចង់វាយតម្លៃចំពោះសេដ្ឋកិច្ចចិន គឺគួរមើលពីស្ថានការណ៍បច្ចុប្បន្ននេះផង និងមើលពីនិន្នាការដ៏វែងឆ្ងាយផងដែរ ។ ភាពធន់ដែលសេដ្ឋកិច្ចចិនបានបង្ហាញ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ដើម្បីពង្រីកការបើកទូលាយជាបន្តបន្ទាប់ បានធ្វើឱ្យពិភពលោកអាចជឿថា នៅពេលអនាគត ទីនេះនៅតែជា “ប្រភពកំណើន” និង “ប្រភពនៃការច្នៃប្រឌិតថ្មី”សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកដដែល៕

វិទ្យុមិត្តភាពកម្ពុជាចិន