បទវិភាគ៖ ការវាទីនៃ «លទ្ធិម៉ុនរ៉ូថ្មី» នឹងគំរាមកំហែងដល់និន្នាការនៃសណ្តាប់ធ្នាប់សកល

20-01-2026 10:01

(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួនរបស់សហរដ្ឋអាមេរិកសំដៅលើ ប្រទេសវ៉េណេស៊ុយអេឡា ដូចជាប្រតិបត្តិការវាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយាដោយបង្ខំ និងការប្រកាសជាសាធារណៈថា នឹងគ្រប់គ្រងរដ្ឋអំណាចប្រទេសវ៉េណេស៊ុយអេឡា និងគ្រប់គ្រងធនធានប្រេងកាតរបស់ វ៉េណេស៊ុយអេឡា ជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោក នូវតក្កវិជ្ជាអនុត្តរភាពនិងបុគ្គលិកលក្ខណៈ ស្តីពីអំណាចខ្លាំងនៃអ្វីដែលហៅថា "លទ្ធិម៉ុនរ៉ូថ្មី”

ទង្វើមួយចំនួននេះ មិនត្រឹមតែជាការរំលោភបំពានយ៉ាងកម្រោល លើរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លី តាមតែទំនើងចិត្តនិងការរំលោភបំពានយ៉ាងគឃ្លើន លើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទនងអន្តរជាតិ ដែលចាត់ទុកកម្មវត្ថុ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលផងដែរ។

តើ "លទ្ធិម៉ុនរ៉ូថ្មី” សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាការផ្តល់ចម្លើយផ្ទាល់។ បើមើលពីគោលបំណង ទង្វើរបស់អាមេរិកគឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិចក្លាយជា "អឌ្ឍគោលរបស់យើង” ដូចដែលអ្នកនយោបាយអាមេរិក បានលើកឡើងនោះ ធ្វើឱ្យអាមេរិកអាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុង និងការទូតរបស់ប្រទេសទាំងនេះ ត្រូវបានសម្រេចតាមឆន្ទៈរបស់អាមេរិក។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិក មិនបានលាក់បាំងទាល់តែសោះ ពីការពឹងផ្អែកលើមធ្យោបាយយ៉ាងកម្រោល និងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច និងការធ្វើវិទ្ធង្សនារដ្ឋអំណាចជាដើម។ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកដែលចាត់ទុកកម្លាំងជាក់ស្តែង ជាអទិភាពចម្បងនិងអនុវត្តគោលនយោបាយ" អាមេរិកជាអាទិភាពចម្បងបំផុត" ប្រើគ្រប់ល្បិចកលនិងធ្វើអ្វីសម្រេចតែចិត្តខ្លួន ដើម្បីសម្រេចគោលបំណង។

ខណៈពេលដែលសហរដ្ឋអាមេរិក ចាត់ទុកអឌ្ឍគោលខាងលិចជាតំបន់អាទិភាព ក្នុងគោលនយោបាយអនុត្តរភាពរបស់ខ្លួនម្តងទៀត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់អាមេរិកឡាទីននិងការ៉ាប៊ីនប្រហែលនឹងរងការវាយប្រហារគ្រប់ជ្រុងជ្រោយ ហើយភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់បណ្តាប្រទេសក្នុងតំបន់នឹងត្រូវរឹតត្បិតយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកបង្កើនការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់ និងលូកដៃបង្កើតភាពបែកបាក់ខាងនយោបាយ វានឹងនាំមកនូវហានិភ័យដល់ ស្ថិរភាពនយោបាយនៃប្រទេសទាំងនេះ។

ហានិភ័យរបស់ "លទ្ធិម៉ុនរ៉ូថ្មី” មិនត្រឹមតែសំដៅចំពោះអាមេរិកឡាទីននោះទេ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើប្រាស់ កម្លាំងអាវុធទៅលើប្រទេសវ៉េណេស៊ុយអេឡា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយដោយត្រង់ៗថា រឿងនេះបានបង្កើត "គំរូដ៏គ្រោះថ្នាក់”។ តាមពិតទៅ "លទ្ធិម៉ុនរ៉ូថ្មី” បានល្មើសនឹងច្បាប់អន្តរជាតិបច្ចុប្បន្ន និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិទាំងស្រុង រំលោភយ៉ាងធ្ងន់ធ្ងរ នូវគោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានឈរនៅម្ខាងប្រឈមមុខ ជាមួយសច្ចភាពនិងយុត្តិធម៌អន្តរជាតិ។

ជោគវាសនារបស់ពិភពលោក គួរតែត្រូវបានក្តាប់ជាប់រួមគ្នាដោយបណ្តាប្រទេសនានា ច្បាប់អន្តរជាតិគួរតែត្រូវបានតាក់តែងរួមគ្នា ដោយបណ្តាប្រទេសនានា កិច្ចការអន្តរជាតិគួរតែត្រូវបានគ្រប់គ្រងរួមគ្នា ដោយបណ្តាប្រទេសនានា ហើយផ្លែផ្កានៃការអភិវឌ្ឍ គួរតែត្រូវបានចែករំលែកដោយបណ្តាប្រទេសនានា។ "យើងចង់បានវឌ្ឍនភាព តែមិនមែនលទ្ធិម៉ុនរ៉ូទេ” បានក្លាយជាសំឡេងរួម របស់ប្រជាជនជុំវិញពិភពលោក។ ប្រទេសសកលខាងត្បូងគួរតែពន្លឿនការរួមគ្នា ធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើង គាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យរីកចម្រើនទៅរកទិសដៅ ដែលកាន់តែយុត្តិធម៌ និងភាពសមហេតុផល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរួមគ្នាកសាងអនាគតប្រកបដោយបរិយាប័ន្ន៕

វិទ្យុមិត្តភាពកម្ពុជាចិន