លោក ត្រាំ បង្ហាញផែនទី AI បញ្ចូលហ្គ្រីនឡែនជាទឹកដីអាមេរិក និងប្រកាសថា «គ្មានការថយក្រោយ»

20-01-2026 19:47

(ដាវ៉ូស/កូប៉ិនហាក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំនៅថ្ងៃអង្គារនេះថា «គ្មានការថយក្រោយទេ» ចំពោះគោលដៅរបស់លោកក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន ដោយបដិសេធមិនច្រានចោលលទ្ធភាពប្រើកម្លាំងយោធាឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ និងពិភពលោក។ គ្មានការថយក្រោយទេ»។

លើសពីនេះ លោកបានបញ្ចេញសារបែកធ្លាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលសួរនាំអំពីរឿងនេះ និងបានគំរាមដំឡើងពន្ធ ២០០% លើស្រានិងសាំប៉ាញបារាំង។ សហភាពអឺរ៉ុបបានព្រមានតបតវិញដោយវិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរ រួមទាំងការដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ៩៣ពាន់លានអឺរ៉ូ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្កុត បេសេន (Scott Bessent) ដែលកំពុងចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស បានហៅប្រតិកម្មនេះថាជា «ភាពជ្រួលច្របល់ហួសហេតុ» និងបានអំពាវនាវឱ្យគ្រប់គ្នាស្ងប់ស្ងាត់។ ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឆ្លៀតឱកាសនេះចោទសួរពីអធិបតេយ្យភាពរបស់ដាណឺម៉ាកលើហ្គ្រីនឡែន ខណៈទីផ្សារហ៊ុនអឺរ៉ុបបានធ្លាក់ចុះជាង ១% ដោយសារក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម៕