អ៊ុយក្រែន ស្នើឱ្យអាមេរិកដាក់សម្ពាធលោក ពូទីន ក្រោយរុស្ស៊ីវាយប្រហារប្រព័ន្ធកម្តៅ

20-01-2026 20:51

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសចុងក្រោយបានកាត់ផ្តាច់ប្រព័ន្ធកម្តៅដល់ពាក់កណ្តាលរដ្ឋធានី និងប៉ះពាល់ដល់អនុស្ថានីយអគ្គិសនីដែលសំខាន់សម្រាប់សុវត្ថិភាពនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានព្រមានថា អនុស្ថានីយអគ្គិសនីសំខាន់ៗមួយចំនួនត្រូវបានរងផលប៉ះពាល់ ហើយរោងចក្រនុយក្លេអ៊ែរ Chornobyl ក៏បានបាត់បង់ថាមពលពីខាងក្រៅផងដែរនៅព្រឹកថ្ងៃអង្គារ។

លោក ហ្សេលេនស្គី ក៏បានប្រកាសថា លោកត្រៀមខ្លួនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រសិនបើវ៉ាស៊ីនតោនត្រៀមខ្លួនចុះហត្ថលេខាលើឯកសារធានាសន្តិសុខសម្រាប់អ៊ុយក្រែន៕