អ៊ីស្រាអែល វាយកម្ទេចអគាររបស់ទីភ្នាក់ងារ UN នៅហ្សេរុយសាឡឹមខាងកើត

20-01-2026 21:55

(ហ្សេរុយសាឡឹម)៖ កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២០ ខែមករា បានវាយកម្ទេចសំណង់អគារនានានៅក្នុងបរិវេណទីស្នាក់ការរបស់ទីភ្នាក់ងារជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅទីក្រុងហ្សេរុយសាឡឹមខាងកើត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។
ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល លោក អ៊ីតាម៉ា បេន-ហ្គវៀ (Itamar Ben-Gvir) បានបង្ហោះវីដេអូនៅមុខបរិវេណនោះ ដោយហៅវាថាជា «ថ្ងៃប្រវត្តិសាស្ត្រ» និងជា «ថ្ងៃបុណ្យ»។

គួរបញ្ជាក់ថា សភាអ៊ីស្រាអែលបានអនុម័តច្បាប់កាលពីខែតុលា ឆ្នាំ២០២៤ ដើម្បីហាមឃាត់ទីភ្នាក់ងារ UNRWA មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស ដោយចោទប្រកាន់ពីភាពលំអៀង៕