ក្រោយរងការគំរាមពីលោក ត្រាំ លោក ម៉ាក្រុង ថាយើងនឹងមិនចុះញ៉មនឹងការសម្លុតគំរាមឡើយ (Video inside)

21-01-2026 01:44

(Reuters)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី២០ ខែមករា បាននិយាយថាអឺរ៉ុបនឹងមិនចុះញ៉មចំពោះការធ្វើបាប ឬការសម្លុតគំរាមនោះទេ នៅចំពោះមុខការគំរាមដំឡើងពន្ធគយពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង Greenland ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួលយកឡើយច្បាប់ដែលកំណត់ថាអ្នកខ្លាំងត្រូវតែឈ្នះ ពីព្រោះការធ្វើបែបនេះនឹងនាំទៅរកអំណាចជិះជាន់។ តាមលោក ម៉ាក្រុង អឺរ៉ុបនឹងបន្តឈរយ៉ាងរឹងមាំដើម្បីការពារអធិបតេយ្យទឹកដី និងនីតិរដ្ឋ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង ធ្វើឡើងបន្ទាប់ពីលោក ត្រាំ គំរាមដំឡើងពន្ធគយ២០០ភាគរយលើស្រាក្រហម និងស្រាសាំស្ប៉ាញរបស់បារាំង ក្រោយទីក្រុងប៉ារីស បដិសេធចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក៕